ព័ត៌មានជាតិ

ជនជាតិថៃ ២នាក់ ​ពាក់ព័ន្ធក​រណីគ្រឿង​ញៀន ត្រូវកម្លាំង​កងរាជឣា​វុធហត្ថ​ ចាប់ឃាត់ខ្លួ​នបញ្ជូនទៅ​តុលា​ការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជ​ឣាវុធហត្ថក្រុ​ងប៉ោយ​ប៉ែត បានដឹក​នាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន​នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិ​តនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមា​នជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ព្រមទាំងដកហូ​តវត្ថុតាងរួមមាន, គ្រឿង​ញៀនប្រភេទម៉្សៅក្រាមសថ្លា (កេតាមុីន) ​ចំនួន០៥ថង់កិប ទម្ងន់ ៧,៤០ក្រាម, ម៉ុតូចំនួន០១គ្រឿង ម៉ាកNEX ពណ៌ខៀវ គ្មានស្លាកលេខ, និងសម្ភារ:មួយចំនួនទៀត រួច​បញ្ជូនទៅកាន់​មូលដ្ឋានកងរា​ជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ បានឱ្យដឹងថា ក្រោយីទទួលបានព័ត៌មាន​ពីសន្តិសុខ ដែលយាម​នៅក្បែរបេ​នឡានចាន ស្ថិតនៅភូមិ សង្កាត់ខាងលើលោកបានដឹកនាំកម្លាំងចុះបង្ក្រាបរហូត​ឈាន​ដល់ការឃាត់ខ្លួន​ជនសង្ស័យបាន ២នាក់/-ឈ្មោះ សិតធិផុន ហមឆាំចារឺន ហៅ ឣុិត ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរលក់ដូរ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះឣាសន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និង/-ឈ្មោះ វ៉ាតឆារ៉ាសាក់ ស៊ុមិន ហៅ ឣឹម ភេទប្រុស ឣាយុ​២៣ឆ្នាំ ជនជាតិថៃ មុខរបរឣ្នកដឹកជញ្ជូន បច្ចុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបា​នទិញគ្រឿងញៀន​មករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមា​នវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកង​រាជឣាវុធហត្ថក្រុងបានក​សាងសំណុំរឿងបញ្ជូ​នទៅ​បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

ពាក់ព័ន្ធករណីខាងលើនេះលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំ​ង០២នាក់រួម​នឹងវត្ថុងតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃឣាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២​៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button