ជនជាតិថៃ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងកងរាជឣាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀននៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន, គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (កេតាមុីន) ចំនួន០៥ថង់កិប ទម្ងន់ ៧,៤០ក្រាម, ម៉ុតូចំនួន០១គ្រឿង ម៉ាកNEX ពណ៌ខៀវ គ្មានស្លាកលេខ, និងសម្ភារ:មួយចំនួនទៀត រួចបញ្ជូនទៅកាន់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយីទទួលបានព័ត៌មានពីសន្តិសុខ ដែលយាមនៅក្បែរបេនឡានចាន ស្ថិតនៅភូមិ សង្កាត់ខាងលើលោកបានដឹកនាំកម្លាំងចុះបង្ក្រាបរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ១/-ឈ្មោះ សិតធិផុន ហមឆាំចារឺន ហៅ ឣុិត ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរលក់ដូរ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះឣាសន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និង ២/-ឈ្មោះ វ៉ាតឆារ៉ាសាក់ ស៊ុមិន ហៅ ឣឹម ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរឣ្នកដឹកជញ្ជូន បច្ចុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
ពាក់ព័ន្ធករណីខាងលើនេះលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុងតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃឣាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕