អ្នកដំណើរប្រមាណជាង ៣រយនាក់ មកដល់ខេត្តប៉ៃលិន ដោយសុវត្ថិភាព តាមរយះរថយន្តក្រុងសាធារណ:
(ប៉ៃលិន) ៖ អ្នកដំណើរ ៣១៥នាក់ពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន តាមរយៈរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បានមកដល់ ចំណតក្បែរបងសាលាខេត្តប៉ៃលិន ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសរងចាំទទួលបងប្អូនអ្នកដំណើរមកពីរាជធានីភ្នំពេញ លោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រកាសផ្តល់រថយន្តក្រុងដឹកពលរដ្ឋ ដោយមិនតម្រូវឱ្យបង់ថ្លៃ និងផ្តល់ភាពងាយស្រួល មិនចង្អៀត មិនធុញថប់ ហើយមានសុវត្ថិភាពទៀត។ ជាពិសេសអាចកាត់បន្ថយការចំណាយបនច្រើន ក្នុងធ្វើដំណើរទៅស្រុកកំណើតម្តងៗ។បងប្អូនប្រជាពលរដ្ឋដែលបានមកដល់ស្រុកកំណើតនាពេលនេះ បានថ្លែងអំណគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន បានបង្ហាញថា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន និងការដឹកជញ្ជូនពីខេត្តប៉ៃលិនត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចជា៖ ១. ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តប៉ៃលិន ទីតាំងស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ រៀងរាល់ម៉ោង ០៦៖៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលា ឆ្នាំ ២០២៤ មកទីតាំងចំណតរថយន្តនៅខាងជើងរបងសាលាខេត្តប៉ៃលិន។ ២.ចេញដំណើរពីខេត្តប៉ៃលិន ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចជា៖ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង ៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត) ចេញដំណើរពីទីតាំង ចំណតរថយន្តនៅខាងជើងរបងសាលាខេត្តប៉ៃលិន ទៅទីតាំងស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរ តាមរថយន្ត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព៕