បងប្រុសយកចបជីកវាយក្បាល ប្អូនប្រុសបង្កើត បណ្តាលស្លាប់យ៉ាងអាណោចអធម រួចគេចខ្លួនបាត់ស្រមោល នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) មិនដឹងជាមានគំនុំរឿងអ្វីនោះទេ បងប្រុសបង្កើតយកចបជីកវាយក្បាល ប្អូន ប្រុស បណ្តាលស្លាប់យ៉ាងអាណោចអធម រួចគេចខ្លួនបាត់ស្រមោល។ករណីនេះបានកើតឡើងនាវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកយាយ អ៊ឹម ញិច អាយុ ៧១ឆ្នាំ ត្រូវជាម្ដាយបង្កើត ជនរងគ្រោះ និងជនបង្ក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រង់ នុត្រា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ លោកយាយបន្តថា នៅមុនពេលកើតហេតុនាល្ងាចថ្ងៃទី១២ ខែឆ្នាំដ៏ដែលកូនប្រុសរបស់ខ្លួនឈ្មោះ ស្រេង សុវណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ(ជនដៃដល់) រស់នៅកន្លែងកើតហេតុបានជិះឡានចូលមកលេងកូនរបស់គេហើយនិងបានអង្គុយផឹកស្រាថ្នាំម្នាក់ឯងនៅហ្នឹងបង់ក្បែរផ្ទះ ។ចំណែកកូនប្រុសម្នាក់ទៀតឈ្មោះ ស្រង់ នុត្រា (ជនរងគ្រោះ)ជិះម៉ូតូទៅទិញស្រាបៀ រួចត្រឡប់មកវិញអង្គុយផឹកនៅហ្នឹងគ្រែ កន្លែងផ្សេងគ្នាបែរខ្នងដាក់គ្នា ។ដោយខ្លួនជាម្តាយភ័យខ្លាចពួកគេទាំង២នាក់ឈ្លោះគ្នា ខ្លួនក៏ដើរចេញពីផ្ទះទៅអង្គុយលេងផ្ទះអ្នកជិតខាង ព្រោះកន្លងមកកូនប្រុសរបស់ខ្លួនទាំង២នាក់ ធ្លាប់ឈ្លោះប្រកែកគ្នារកកាប់សម្លាប់គ្នាជាច្រើនដង។ ពេលខ្លួនទៅអង្គុយផ្ទះអ្នកជិតខាង បានប្រហែលមួយម៉ោងជាង កូនប្រុសរបស់ខ្លួនឈ្មោះ សុវណ្ណ បានដើរទៅប្រាប់ថា ម៉ែខ្ញុំវាយអាប្អូនចំនួន៣ ដងចបជីកស្លាប់បាត់ហើយ ។លឺដូចនោះ ខ្លួនក៏រត់ទៅមើលឃើញកូនប្រុសឈ្មោះ ស្រង់ នុត្រា ដួលនៅក្បែរគ្រែមានឈាមហូរពីក្បាលដាច់ខ្យល់ស្លាប់បាត់ហើយ។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចជំនាញ រួមនិងក្រុមគ្រូពេទ្យបានចុះធ្វើការពិនិត្យ ព្រមទាំងបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យលើសាកសព ។តាមការត្រួតពិនិត្យរបស់គណៈកម្មការឃើញថា ផ្នែកក្បាល រងរបួសចំនួន៣ កន្លែង ទី១ ត្រូវចំលើបន្ទូលក្បាលមានស្នាមរយាស់ដាច់សាច់ទំហំ ១,៥គុណ៦ស.ម ,ទី២ ផ្នែកក្រោយក្បាលមានស្នាមរយាស់ដាច់សាច់ទំហំ ១គុណ៦ ស.ម ជំរៅ ដល់លលាក្បាល ,ទី៣ ផ្នែកត្រង់ក ខាងឆ្វេងមានស្នាមជាំហើមខ្មៅទំហំ៣គុណ៩ស.ម។ផ្នែកអវយវៈនិងដងខ្លួនពុំមានស្នាមអ្វីគួរអោយកត់សម្គាល់នោះទេ។ តាមការសន្និដ្ឋានរបស់គណៈកម្មការត្រួតពិនិត្យសព និងយោងតាមការសាកសួរបំភ្លឺនៅកន្លែងកើតហេតុ របស់មន្រ្តីជំនាញ បានសន្និដ្ឋានថា សាកសពស្លាប់ដោយសារបងប្រុសយកចបជីកវាយ បណ្តាលអោយរងរបួសផ្នែកក្បាលធ្ងន់ធ្ងរពិតប្រាកដមែន។ ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ និងដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានប្រគល់សាកសពអោយទៅម្តាយធ្វើបុណ្យតាមប្រពៃណី។រីឯជនបង្កកម្លាំងជំនាញកងរាជអាវុធហត្ថក្រុង សហការណ៍ជាមួយកម្លាំជំនាញកងរាជអាវុធខេត្ត កំពុងធ្វើការស្រាវជាវ ដើម្បីតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕