ស្រវឹងស្រា រំលោភសន្ថវៈប្អូនថ្លៃស្រីខ្លួនឯង ក្រោយបញ្ឆោតប្តីរបស់ស្ត្រីរងគ្រោះ ឲ្យឌុបក្លើម្នាក់ ជូនទៅផ្ទះ
(កណ្តាល)៖ជនសង្ស័យម្នាក់ ក្រោយផឹកស្រាស្រវឹង និងជាជនប្រើប្រាស់គ្រឿងញៀន បានចាប់រំលោភសន្ថវៈ ប្អូនថ្លៃស្រី ដោយបញ្ឆោតប្អូនប្រុសបង្កើតដែលជាប្តីស្ត្រីរងគ្រោះឲ្យឌុបក្លើម្នាក់ ជាដៃគូផឹកស៊ីជាមួយគ្នា ជូនទៅផ្ទះហើយជនសង្ស័យឈ្លៀតឱកាស ចូលផ្ទះចាប់រំលោភ ប្អូនថ្លៃស្រីបានសម្រេច នៅវេលាម៉ោង ២២និង២០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះស្ត្រីរងគ្រោះក្នុងភូមិ អង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃួន ចន្ធូ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃ្លាតហេតុ ( ជាប្អូនថ្លៃស្រី) ចំនែកជនសង្ស័យ ឈ្មោះ មាន វិសិដ្ធ អាយុ២៩ឆ្នាំ (ជាបងប្រុសថ្លៃស្ត្រីរងគ្រោះ ) ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ វិជ្ជមានសារធាតុញៀន និងរស់នៅ ក្នុងភូមិឃុំកើតហេតុដែរ ។
លោកអធិការបានបន្តថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០១លើក ពីបទធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់នូវសារធាតុញៀន ។លោកអធិការ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកពីផឹកស្រាវិញ ដើរចូលក្នុងផ្ទះបើកមុង ដោយ លើកកូនប្រុសតូចរបស់ស្ត្រីរងគ្រោះឲ្យដេកទៅម្ខាង ហើយបាននិយាយប្រាប់ទៅស្ត្រីរងគ្រោះថា ខ្លួនអត់ធ្វើអីទេ បើសិនចង់ធ្វើអី ធ្វើយូរហើយមិនបាច់ខ្លាចទេ! បន្ទាប់មកជនសង្ស័យបានដើរចុះដើរឡើងមួយសន្ទុះ ក៏ប្រើល្បិចឲ្យប្អូនប្រុសបង្កើត ដែលជាប្តីរបស់ស្ត្រីរងគ្រោះជូនក្លើម្នាក់ដែលជាដៃគូផឹកស៊ីជាមួយជនសង្ស័យ ឲ្យជូនទៅផ្ទះផង។ក្រោយប្អូនប្រុសចេញទៅផុត ជនសង្ស័យក៏បានឱកាសចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ ដោយទៅបើកមុងចូលទៅដេក ជាមួយជនរងគ្រោះម្ដងទៀត ព្រមទាំងបានធ្វើសកម្មភាពយកដៃសើយរ៉ូបរបស់ជនរងគ្រោះ រួចបានធ្វើសកម្មភាពរំលោភស្ត្រីរងគ្រោះបានសម្រេចតែម្ដង ដោយសារជនរងគ្រោះភ័យខ្លាច មានគ្រោះថ្នាក់ដល់អាយុជីវិតទើបខ្លួនមិនហ៊ានស្រែក និងឈ្លោះប្រកែកអ្វីទេ។
លុះព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ។ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចេញអន្តរាគមន៍ឃាត់បានខ្លួនជនសង្ស័យយកធ្វើការសាកសួរ។តាមចម្លើយសារភាព ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ: ទៅលើជនរងគ្រោះបានសម្រេចចំនួន០១ដងពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕