ព័ត៌មានជាតិ

ករណីក្មេងទំនើង​ចេះតែបន្តស្ង​ប់ស្ងាត់! អ្នកនាំ​ពាក្យថា​នេះជាស្ថាន​ភាព​ដែលគ្រប់​គ្នាចង់​បាន!

(ភ្នំពេញ)៖រយៈពេ​ល១សប្តាហ៍ ចាប់​ពីថ្ងៃទី១៩ ដ​ល់ថ្ងៃទី២​៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើង​នៅទូទាំងប្រទេស នៅបន្តមា​នសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះ​ក៏សឹងតែ​គ្មានករណី​នេះកើតឡើង​តែម្ដង។ ក្នុងរយៈ​ពេល៧ថ្ងៃ នៃសប្តាហ៍​ទី៣នេះ មា​នត្រឹមជា​ង ១០ក​រណីតែប៉ុ​ណ្ណោះដែល​បាន​កើតឡើង ហើយ​ជាក​រណីមា​នលក្ខណៈ​ទ្រង់ទ្រាយ​តូចតាចនៅទូទាំង​ប្រទេសនេះបើតា​មអ្នក​នាំពា​ក្យរងក្រសួងម​ហាផ្ទៃ លោក​បណ្ឌិត ទូច សុឃ:

ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងម​ហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយ​កចិត្តទុកដាក់ខ្ពស់របស់​ប្រមុខរាជ​រដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ម៉្យាងទៀតក៏ជា​ពេលវេលាមួយដែល​សង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មាន​ការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោ​សទណ្ឌនៃ​ការប្រព្រឹត្តនូវ​ទង្វើ​នោះ ក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។

លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយក​ចិត្តទុកដាក់ជំរុញ​ឱ្យអនុវត្តយ៉ាងស​កម្មនូវគោ​លនយោបាយ​ភូមិឃុំសង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជ​ន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំ​ងស​មត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ ជាចំ​ណែកមួយ​ចូលរួមទប់​ស្កាត់និងបង្ការ​រាល់ប​ទល្មើស​ផ្សេងៗទាំងក្នុងនិងក្រៅមូលដ្ឋាន ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានដើ​រតួ​នាទី​សំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គម​ជាតិទាំងមូល

សូមជម្រា​បជូនថា ស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព ចំនួន ៦ ព្រម​ទាំ​ងបានចេញ​នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនកា​រយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាម​ទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button