ករណីក្មេងទំនើងចេះតែបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យថានេះជាស្ថានភាពដែលគ្រប់គ្នាចង់បាន!
(ភ្នំពេញ)៖រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។
ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ម៉្យាងទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះ ក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។
លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ ជាចំណែកមួយចូលរួមទប់ស្កាត់និងបង្ការរាល់បទល្មើសផ្សេងៗទាំងក្នុងនិងក្រៅមូលដ្ឋាន ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
សូមជម្រាបជូនថា ស្របតាមគោលនយោបាយ–ភូមិ–ឃុំ–សង្កាត់–មានសុវត្ថិភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព ចំនួន ៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕