ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្ត និងនាំពាក្យពេចន៍លើកទឹកចិត្តពីសម្ដេចក្រឡាហោម ស ខេង ជូនកីឡាករទូកងខេត្តព្រៃវែង
ខេត្តព្រៃវែង ៖មួយថ្ងៃមុនការចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន ៥៥ទូក មកពីក្រុង ស្រុក ចំនួន ៦ ក្នុងខេត្តព្រៃវែង។
យោងតាមរបាយការណ៍លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ទូកទាំង៥៥នោះ រួមមាន ៖ មកពីស្រុកពោធិ៍រៀង ចំនួន ៣៦ទូក ស្រុមពាមរក៍ ចំនួន ៦ទូក ស្រុកពារាំង ចំនួន ៧ទូល ស្រុកពាមជរ ចំនួន ៤ទូក ក្រុងព្រៃវែង ចំនួន ៤ទូក និងស្រុកស៊ីធរកណ្ដាល ចំនួន ៧ទូក សរុបចំណុះទាំងពិត និងបម្រុង មានប្រមាណជាង ២ ០០០នាក់ ក្នុងនោះក៏មានទូក ង ចំនួន ១១ ចូលរួមប្រណាំងផែនគូពិសេសផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក គឺជាមហាព្រឹត្តិការណ៍កីឡា ដែលមានកីឡាករ និងអ្នកចូលរួមច្រើនជាងគេបំផុត ហើយការប្រារព្ធព្រះរាជពិធីនេះ គឺជាការបញ្ជាក់ច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ដែលប្រជាពលរដ្ឋមកពីគ្រប់មូលដ្ឋានទូទាំងប្រទេស និងភ្ញៀវអន្តរជាតិ មានឱកាសបានមកចូលរួមសប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនខ្មែរ ក្រោមម្លប់ព្រះបារមីព្រះមហាក្សត្រ និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ទាំងកន្លងមក មានសម្ដេចតេជោ ជាប្រមុខ និងបច្ចុប្បន្ន មានសម្ដេចធិបតី ជានាយករដ្ឋមន្រ្តី។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនកីឡាករទូក ង ខេត្តព្រៃវែង នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងបានមានប្រសាសន៍ជំរុញឱ្យកីឡាករទាំងអស់ ថែរក្សាសុខភាព មានអនាម័យ គោរពការរៀបចំ និងគ្រប់គ្រងរបស់គណៈកម្មការគ្រប់ផ្នែក មានវិន័យក្នុងការប្រកួត ផ្ដល់នូវការស្រលាញ់រាប់អានគ្នាទៅវិញទៅមកជាមួយដៃគូប្រកួត និងត្រូវខិតខំឱ្យអស់ពីលទ្ធភាពដើម្បីដណ្ដើមយកជ័យជម្នះជូនវត្ត ភូមិ ស្រុក ក្រុង និងខេត្តព្រៃវែងទាំងមូល។
ភ្ជាប់នឹងការថ្លែងអំណរគុណសប្បុរសជន រួមទាំងក្រុមហ៊ុនវឌ្ឍនៈ ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញធរ ដែលបានចូលរួមឧបត្ថម្ភគាំទ្រឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ក៏បានផ្ដល់នូវអំណោយរួមមាន៖ ថវិកា អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ភេសជ្ជៈ ជូនដល់កីឡាករទូក ង ទាំងអស់ ព្រមទាំងអនុគណៈកម្មការបច្ចេកទេសនិងគ្រប់គ្រងទូក គណៈកម្មការសន្តិសុខនិងសណ្ដាប់ធ្នាប់ គណៈកម្មការបរិស្ថាននិងសុខាភិបាល និងគណៈកម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដែលដឹកនាំនិងគ្រប់គ្រងដោយរដ្ឋបាលខេត្តព្រៃវែង៕