បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម របស់សហគ្រាស
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ កែវ សារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបរាប់អំពីសកម្មភាពជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាម៉ាប់លក់អាវកីឡា(ឈ្មោះ សុខ ចាន់ថន SOK CHANTHORN) និងម្ចាស់ហ្វេសប៊ុកឈ្មោះ POR POE LOVE,POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះលក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារ ដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយក្រុមហ៊ុន VARAMAN(វរ្ម័ន)នោះ លោកបានចាត់តាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋាគារសុងតារា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ក្នុងប្រតិបត្តិការណ៍នោះកម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយចំនួន២៤៩កំប្លេ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បន្តថា ជនសង្ស័យឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបគេពិតជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកញ្ញា កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឱ្យគេបោះពុម្ភ យកមកលក់ខ្លួនឯងផង និងចែកចាយឱ្យឈ្មោះ សុខ ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ ស្រី ហុងអ៊ូ លក់បន្តពិតមែន។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ក្រោយពីសាកសួរកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕