ពិធីប្រកាសតែងតាំង គណ:សង្ឃវត្ត ធម្មសាមគ្គីពង្រ ក្រុង សិរីសោភ័ណ
(បន្ទាយមានជ័យ)៖បន្តរពង្រឹងគុណភាព របស់សមណ:សិស្សដែលកំពុងសិក្សារៀនសូត្រ និងធ្វើការគ្រប់គ្រងកិច្ចការផ្សេងៗនៅក្នុងវត្ត។ព្រះភិក្ខុ ចន្ទប្បជ្ជោតោ ទន់ សុមនា មានសង្ឃដីការប្តេជ្ញាបែបនេះក្នុងពិធីប្រកាសឡើងជា ព្រះចៅអធិការវត្ត និងគ្រូសូត្រឆ្វេងស្ដាំនៃវត្តធម្មសាមគ្គីពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្ត និងព្រះសមណ:ញាណ ណាប់ ម៉ឺនព្រះបាឡាត់គណខេត្ត ព្រះគ្រូសោភ័ណ ប៉ាត សុគន្ធអនុគុណក្រុងសិរីសោភ័ណ និងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។
ព្រះគ្រូ ប៉ាតសុគន្ធនិងព្រះសមណ:ញាណ ណាប់ម៉ឺន មានសង្ឃដីកាថា ប្រទេសជាតិយើងមានសុខសន្តិភាពហើយដូច្នេះតាមទីអារាមនានាមានសន្តិភាពផងដែរ ដូច្នេះការប្រកាសតែងតាំង គណសង្ឃវត្តពង្រ នាថ្ងៃនេះគឺមានសារសំខាន់ចំពោះការគ្រប់គ្រងទូទៅក្នុងវត្តពិសេសការគ្រប់គ្រង សមណ:សិស្សកំពុងសិក្សារៀនសូត្រ ធ្វើយ៉ាងណាឲ្យការរៀនសូត្រឬបង្រៀនប្រព្រឹត្តទៅដោយភាពរលូនជោគជ័យ។ ព្រះតេជគុណបន្តថា ដើម្បីបញ្ចៀសនូវអធិករណ៍កើតឡើងគឺត្រូវមានសាមគ្គីភាពរវាង គណៈកម្មការ ព្រះសង្ឃ ធ្វើការបែងចែកភារៈកិច្ចឲ្យបានច្បាស់លាស់ ពីការចែករំលែក ចេះជោគជ័យយល់អធ្យាស្រ័យគ្នាគឺមានភាពសុខសាន្តហើយ។
លោក យឹម សំណាង អភិបាលរង ខេត្តបានមានប្រសាសន៍ថា សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយបែបវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ច្បាប់នៅក្នុងសង្គមនីមួយៗ តែងតែជាប់ទាក់ទងទៅនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិថា ជាអត្តសញ្ញាណនិងគុណតម្លៃរួមដឹកនាំជីវភាពរស់នៅរបស់មនុស្សធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យអាចរស់នៅជាមួយគ្នា ដោយសុខដុមរមនា ហើយក្នុងបរិបទនេះការអប់រំតាម សាសនាកាន់តែមានតួនាទីចាំបាច់ដើម្បីធានាថាការរីកចម្រើនត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌គុណធម៌។ ចុងបញ្ចប់កម្មវិធីជាអធិបតីបានរៀបចំពិធី ស្រោចស្រពសុគន្ធវារីព្រះចៅអធិការវត្តថ្មី សូត្រឆ្វេងនិងគ្រូសូត្រស្ដាំ៕