ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា
ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ីឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាជូនដល់ក្រុមការងារគណបក្សប្រមាណ៤០០នាក់ ក្នុងមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអានសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនដល់អង្គពិធី និងសមាជិក សមាជិកការគណៈបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច ពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណ បក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។
ឯកឧត្តម អ៊ី ឈាន បានលើកឡើងថា ជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាបានសបញ្ជាក់ ពីការបន្តគោរពស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលអាចវាយតម្លៃបានថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនមិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួនទោះបីជាក្រុមទាំងនោះប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។
ឯកឧត្តមបានបន្ថែមថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏ធំធេង ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្ស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ទើបទទួលបានលទ្ធផលដ៏គាប់ប្រសើរបែបនេះ ។ ជាមួយគ្នានេះដែរ ក្នុងនាមឯកឧត្តមផ្ទាល់ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះ វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។
វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងមានសេចក្តីសង្ឃឹមប្រកបដោយទស្សនទាន ជាវិជ្ជមាន គ្រប់ស្ថាប័នជាតិ ទាំងអស់ នឹងបន្តអនុវត្តយ៉ាង ពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ ចូលរួមថែរក្សាការពារសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវនិរន្តរភាពសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ៕