ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយខ្លឹម​សារសន្និបាត គ​ណៈកម្មាធិការក​ណ្ដាលវិ​សាមញ្ញ​របស់គណ​បក្សប្រ​ជា​ជនកម្ពុជា

ខេត្តប៉ៃលិន៖នា​ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នា​យឧត្តមសេនីយ៍ អ៊ីឈាន សមាជិ​កគ​ណៈកម្មាធិការកណ្តាល និងជា​ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំកិច្ច​ប្រជុំផ្សព្វផ្សាយ​ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រ​ជាជនកម្ពុ​ជាជូនដល់ក្រុម​ការងារគណបក្សប្រមាណ​៤០០នាក់ ក្នុងមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជន​កម្ពុជាខេត្តប៉ៃលិន និងជាអភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន បានអានសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតគ​ណៈកម្មាធិការកណ្ដា​ល​វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនដល់អង្គពិធី និងសមាជិក សមាជិកការគណៈ​បក្សប្រ​ជា​ជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ អនុប្រ​ធានគណបក្ស សម្តេច ពិជ័យសេនា ទៀ បាញ់ អនុប្រធាន​គណ​បក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណ បក្ស និងគ​ណៈអចិន្ត្រៃយ៍នៃគ​ណៈកម្មាធិការកណ្ដាល។

ឯកឧត្តម អ៊ី ឈាន បានលើកឡើងថា ជ័យជម្នះយ៉ាងត្រចះ​ត្រចង់របស់គណបក្សប្រជា​ជនកម្ពុជា​បាន​សបញ្ជាក់ ពីការបន្តគោរពស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹក​នាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹក​នាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលអាចវាយតម្លៃបានថាប្រជាពលរដ្ឋ​បានប្រើប្រាស់​សិទ្ធិរបស់ខ្លួនមិ​នចាញ់បោកការឃោស​នាភូតកុហករប​ស់ជនអគិតមួយចំ​នួនទោះបី​ជាក្រុមទាំង​នោះប្រើប្រាស់នូវ​មធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។

ឯកឧត្តមបា​នបន្ថែមថា កត្តាដែលធ្វើឲ្យគ​ណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនេះ ពិតជាមិន​អាចកាត់ផ្តាច់ពី​ការចូលរួមចំណែកដ៏ធំធេង ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្ស ដែលបាន​លះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ទើបទទួលបានលទ្ធផល​ដ៏គាប់ប្រសើរបែ​បនេះ ។ ជាមួយគ្នានេះដែរ ក្នុង​នាមឯក​ឧត្តមផ្ទាល់ បានធ្វើការ​គាំទ្រយ៉ាងពេញទំហឹងចំពោះ វិសោ​ធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី និងមាត្រា​១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជានិងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់​ធម្មនុញ្ញ​បន្ថែម។

វិសោធនកម្មរដ្ឋធម្មនុញ្ញលើ​កទី១០នេះ និងមាន​សេចក្តីសង្ឃឹមប្រក​បដោយទស្សនទាន ជាវិជ្ជមាន គ្រប់ស្ថាប័​នជាតិ ទាំងអស់ នឹងបន្តអនុវត្តយ៉ាង ពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ ចូលរួម​ថែរក្សា​ការពារសុខសន្តិភាព ក្រោមការដឹកនាំរ​បស់រាជរដ្ឋាភិបាលកម្ពុជា ដើ​ម្បីធា​នាបាននូ​វនិរន្តរភាពសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button