កិច្ចប្រជុំបូកសរុប លទ្ធផលដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ២០២២ សម្រាប់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នាថ្ងៃទី ៣០–៣១ ខែកក្កដា ឆ្នាំ២០២២ ដោយមានសមាជិក សមាជិកាចូលរួមប្រមាណជាង ១០០០នាក់ផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ សម្រាប់ខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជាយើង ទទួលបាន ១៩៤,៥៤៣សម្លេង ស្មើ ៧២,២៣% នៃសន្លឹកឆ្នោតបានការ
–អាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ ទទួលបាន ៤២៩ ស្មើ ៨០,៤៨%
–ប្រៀបធៀបលទ្ធផលឆ្នាំ ២០១៧ កើន ៦៩,១១៣សម្លេងស្មើនឹង ៥៥%
–ប្រៀបធៀបលទ្ធផលឆ្នាំ ២០១៨ កើន ៩,៣០១សម្លេងស្មើនិង ៥%
លទ្ធផលខាងលើឃុំដែល CPP ទទួលបានអាសនៈ ១០០%(សុីដាច់) មាន៧ឃុំ
១–ឃុំទួលពង្រ (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៧/៧
២–ឃុំបឹងបេង (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៥/៥
៣–ឃុំអូរស្រឡៅ (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៥/៥
៤–ឃុំអូរសំព័រ (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៥/៥
៥–ឃុំតាបែន (ស្រុកស្វាយចេក) ទទួលបានអាសនៈ ៥/៥
៦–ឃុំរលួស (ស្រុកស្វាយចេក) ទទួលបានអាសនៈ ៥/៥
៧–ឃុំទានកាំ (ស្រុកព្រះនេត្រព្រះ) ទទួលបានអាសនៈ ៥/៥។
ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ឆ្នាំ២០២៣ ខាងមុខនេះជាឆ្នាំចុងក្រោយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនឹងត្រូវបានបន្តរក្សាយ៉ាងរឹងមាំ ដែលបង្កភាពអនុគ្រោះដល់រាល់ដំណើរការនៃសង្គមជាតិ។ ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នឹងបន្តប្រកបដោយភាពអនុគ្រោះក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ទោះបីកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលពីសភាពការណ៍ខាងក្រៅដ៏ស្មុគស្មាញនិងតាមតឹង។ ការបោះឆ្នោតជាតិឆ្នាំ ២០២៣ និងប្រព្រឹត្តទៅយ៉ាងទៀងទាត់ ដោយមានគណបក្សច្រើនចូលរួមដែលនឹងឆ្លុះបញ្ចាំងអំពីជំហានរីកចម្រើនបន្តទៀតដ៏ស្វាហាប់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
១–ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍន៍ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន នឹងបរិយាកាសល្អសម្រាប់ការបោះឆ្នោត។
២–គាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានិងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
៣–ចូលរួមអនុវត្តការកែទម្រង់ស៊ីជម្រៅនៅគ្រប់ការដ្ឋានដោយ ឆន្ទៈមុតស្រួច និងស្រុះដៃគ្នាតាមអភិក្រម“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីបន្តលើកកម្ពស់អភិបាលកិច្ច ធានាការផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងឆាប់រហ័សជូនប្រជាពលរដ្ឋ ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម។
ចុងក្រោយគណៈអធិបតីក៏បានផ្ដល់នូវអំណោយជាថវិកាមួយចំនួន លើកទឹកចិត្តដល់សមាជិកសមាជិកាតាមបណ្ដាស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារទទួលបានជោគជ័យ ៕