លោកជំទាវ បាន ស្រីមុំ ទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីតំណាងស្ថានទូតព្រះរាជាណាចក្រថៃ
(ប៉ៃលិន)៖នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន អមដំណើរដោយគណអភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម លោក វីរសេនីយ៍ឯក ភិស្ណុ សារធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ ព្រមទាំងតំណាងក្រុមហ៊ុន សហគ្រាសចំនួន៨ ដែលបានអញ្ជើញមកទស្សនកិច្ចមកកាន់ខេត្តប៉ៃលិន និងបាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីផ្ដល់ជូនដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការទុកប្រើការជួយជនក្រីក្រខ្វះខាត ។ គោលបំណងទស្សនៈនេះក៏ដើម្បីពិភាក្សាការងារអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃនិន្នាការសេដ្ឋកិច្ចពាណិជ្ជកម្ម នៃការវិនិយោគនៅក្នុងប៉ៃលិនជាបន្តបន្ទាប់ ។
ជាការឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តប៉ៃលិននាពេលនេះ ដែលនេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍ ជនជាតិអ្វីឡើយ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមកស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នាមានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗ។ ជាមួយគ្នានោះខេត្តប៉ៃលិន តែងស្វាគមន៍រាល់វិយោគិនតូចធំទាំងអស់ដែលចង់មករកស៊ី អភិវឌ្ឍន៍ខេត្តប៉ៃលិនអោយកាន់តែសម្បូរបែបនិងស៊ីវិល័យថែមទៀតផងនោះ៕