អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនរួមមាន ការងារត្រៀមបង្ការគ្រោះទឹកជំនន់ ការងារជួយសង្គ្រោះស្រូវបងប្អូនប្រជាពលរដ្ឋ វឌ្ឍនភាព ការគ្រប់គ្រងដីតំបន់បីនៃតំបន់បឹងទន្លេសាប ការវាស់វែងដីជូនប្រជាពលរដ្ឋអាស្រ័យផល ការងារដោះស្រាយទំនាស់ដីធ្លី និងការកាត់ឆ្វៀលដី។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ឡើងថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងខេត្តបន្ទាយមានជ័យ យើងសង្កេតឃើញមានតំបន់មួយចំនួនកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ធ្វើអោយដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋកំពុងប្រឈមនឹងការលិចលង់ ដូចនេះតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទចូលរួមសហការ ជួយច្រូតស្រូវប្រជាពលរដ្ឋដែលជាកាតព្វកិច្ច ដែលយើងទាំងអស់គ្នាត្រូវធ្វើនិងជួយសង្គ្រោះ។
ឯកឧត្តម បន្តថា តាមស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យនាបច្ចុប្បន្ននេះ នៅមិនទាន់មានភាពធ្ងន់ធ្ងរនៅឡើយ តែអ្វីសំខាន់គឺយើងដែលជាអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងអស់គឺ ត្រូវត្រៀមបំរុងពេលទឹកជំនន់ ត្រៀមជួយច្រូតស្រូវប្រជាពលរដ្ឋពេលទឹកលិចលង់ អាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរធនធានទឹកធ្វើការបើកមុខទឹក និងមន្ទីរសុខាភិបាលខេត្តត្រៀមបង្ការបញ្ហាផ្សេងៗ ដូចជាថ្នាំបង្ការពេលប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព មន្ទីរសុខាភិបាលនិងមន្ទីរអប់រំយុវជននិងកីឡា បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិស្សានុសិស្សឱ្យបានគ្រប់ដូស ព្រោះថាជំងឺឆ្លងកូវីដ១៩ នៅមិនទាន់ផុតរលត់ឆ្ងាយពីយើងនៅឡើយ។ ចុងក្រោយឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើមន្ទីរអង្គភាពមួយចំនួនបំពេញការងារ ស្នូលពុំបានល្អ យឺតយ៉ាវ មិនយកចិត្តទុកដាក់បើនិយាយឲ្យខ្លីទៅគឺ សម្ងំដេកលក់តែម្ដង។ ពាក់ព័ន្ធក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះផងដែរ លោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងផងដែរថា បញ្ហាតម្លៃស្រូវបង្កើនរដូវរបស់ប្រជាកសិករនៅស្រុកមង្គលបូរី ពីដើមខែនៃការប្រមូលផលឃើញថា តម្លៃស្រូវបានថ្លៃគួរសម អាចទូទាត់លើថ្លៃជីគីមី ថ្លៃប្រេងភ្ជួររាស់ អាចមានតុល្យភាពគ្នា តែបច្ចុប្បន្ននេះតម្លៃស្រូវមានការថយចុះ ព្រោះថាការទិញលក់គឺសម្រេចទៅលើមាត់ឈ្មួញអ្នកឱ្យតម្លៃតែប៉ុណ្ណោះ៕