ឯកឧត្តម អភិបាលខេត្តកែប ផ្តាំផ្ញើដល់អភិបាលស្រុកថ្មី ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងការទំនាក់ទំនងល្អជាមួយ រដ្ឋបាលសង្កាត់ មេភូមិ សំដៅលើក កំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព
ខេត្តកែប៖ថ្លែងក្នុពិធីប្រកាសតែងតាំងលោក ឆាង ឆៃ ជាអភិបាលស្រុកដំណាក់ចង្អើរ នៃខេត្តកែប កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា៖សមិទ្ធផលនានាក្នុងខេត្ត នាពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន។កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណង បម្រើផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរឯកឧត្តអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុក ដែលទើបទទួលតំណែងថ្មី ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពង្រឹងការទំនាក់ទំនងល្អជាមួយ រដ្ឋបាលសង្កាត់ មេភូមិ សំដៅលើកកំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏ផ្ដល់អនុសាសន៍មួយចំនួន ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ដូចខាងក្រោម៖
- ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ នៅរាល់សកម្មភាពប៉ុនប៉ងបង្កអោយមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។
– ត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយប៉ភ្លឺជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតអុចអាល បង្កឲ្យមានហឹង្សាក្នុងសង្គម និងខិតខំអប់រំបំផុសប្រជាពលរដ្ឋអោយចូលរួមគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ និងចៀសវាងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់។
– ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធីផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងចៀសវាងការប្រើអំពើហឹង្សាតាមគ្រប់រូបភាព។
– ត្រូវជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល។ជាពិសេសត្រូវ ខិតខំអប់រំផ្សព្វផ្សាយ ដល់គ្រប់ស្រទាប់ប្រជាពលរដ្ឋ អោយទៅទទួលវ៉ាក់សាំការពារជំងឺកូវីដ–១៩ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់ឲ្យបាន នូវរលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ៕