អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ស្នើឲ្យសមត្ថកិច្ចឃាត់ខ្លួនបុគ្គលឈ្មោះ ហាក់ ឧត្ដម ដែលបានក្លែងបន្លំយកព្រះកិត្តិនាម វង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជានុរាស្ត្រ
រាជធានីភ្នំពេញ៖ពិតជាថ្លើមធំណាស់បុគ្គលឈ្មោះ ហាក់ ឧត្ដម ហ៊ានក្លែងបន្លំយកព្រះកិត្តិនាម វង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់ ក្រោមរូបភាពប្រើល្បិចទុច្ចរឹតផ្សេងៗ ដោយក្លែងបន្លំជាព្រះញាតិវង្សខ្សែព្រះស៊ីសុវត្ថិ ធ្វើឲ្យប្រជាពលរដ្ឋខាតបង់នូវប្រយោជន៍ និងទ្រព្យសម្បត្តិ រហូតដល់ប្រជាពលរដ្ឋមួយចំនួនបានសសេនៅលើFacebookរបស់ខ្លួនដោយឲ្យបុគ្គល ហាក់ ឧត្ដម ចេញមុខមកដោះស្រាយបំណុលជាបន្ទាន់ និងខ្លះទៀតបានដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីសមត្ថកិច្ចទៀតផង ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ជនខិលខូចរូបនេះឈ្មោះ ហាក់ ឧត្ដម រស់នៅឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដោយប្រើឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ស៊ីសុវត្ថិ ឧត្ដម មុនី្ន ក្នុងគោលបំណងអោយជនរងគ្រោះមានជំនឿ និងទុកចិត្តហើយបានប្រើ
ឧបាយកលទុច្ចរឹតផ្សេងៗ ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតែម្តង ជាច្រើនលើកច្រើនសា ជនខិលខូចរូបនេះ នៅតែបន្តធ្វើសកម្មភាពបែបនេះដោយពុំខ្លាចក្រែងច្បាប់បន្តិចសោះ ជាពិសេសថ្លើមធំហ៊ានយកព្រះកិត្តិនាមដ៏ឧត្តុងឧត្តមថ្លៃថ្លា នៃព្រះញាតិវង្សានុវង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជាពលរដ្ឋ ដោយឥតកោតក្រែង ទង្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិយស និងព្រះកិត្តិនាមព្រះញាតិវង្សានុវង្សដ៏ទៃទៀត ដែលលោកខិតខំបំរើរាស្ត្រយ៉ាងស្មោះស្ម័គ្របំផុត ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានបញ្ជាក់យ៉ាងច្បាស់ថា ជនខិលខូចរូបនេះមិនមែនជាព្រះញាតិវង្សានុវង្សនោះទេ គឺក្លែងបន្លំ ព្រះកិត្តិនាមព្រះស៊ីសុវត្ថិ ដើម្បីបោកបញ្ឆោតប្រជារាស្ត្រ ក្នុងនាមអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រះអង្គសូមបដិសេធ និងថ្កោលទោសដាច់អហង្ការ ចំពោះជនខិលខូចរូបនេះ ហើយស្នើសុំមន្ត្រីអនុវត្តច្បាប់ជួយអន្តរាគមន៍ និងបញ្ឈប់នូវទង្វើដ៏អសីលធម៌បុគ្គលរូបនេះកុំឲ្យបន្តក្លែង
បន្លំព្រះកិត្តិនាមព្រះញាតិវង្សានុវង្ស បោកប្រាស់ទ្រព្យសម្បត្តិប្រជានុរាស្ត្រដ៏ទៃទៀត ។ ជាងនេះទៅទៀតអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក៏សូមផ្ញើសារដល់ប្រជានុរាស្ត្រទាំងអស់កុំឲ្យលង់ជឿជនខិលខូចរូបនេះ ឬជនដ៏ទៃទៀតដែលក្លែងបន្លំតាំងខ្លួនជាព្រះញាតិវង្សានុវង្ស ដើម្បីបោកបញ្ឆោតទ្រព្យសម្បត្តិប្រជានុរាស្ត្រ ។
សូមបញ្ជាក់ថា ជនខិលខូចឈ្មោះ ហាក់ ឧត្ដម ប្រើឈ្មោះក្នុងហ្វេសប៊ុក ហាក់ ឧត្ដមមុនី្ន ឬឈ្មោះក្លែង ស៊ីសុវត្ថិ ឧត្ដមមុនី្ន កំពុងតែគេចខ្លួននៅក្រៅសំណាញ់ច្បាប់នៅឡើយ ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកជនខិលខូចរូបនេះតទៅទៀត ៕