កិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពជុំវិញ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវសហការរួមគ្នាត្រៀមបង្ការជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដែលបានបង្ខំចិត្តទៅរស់នៅកន្លែងទីទួលសុវត្ថិភាព។ លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
របៀបវារៈក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះមានចំនួន៦ ដែលត្រូវលើកមកពិនិត្យពិភាក្សា និងអនុម័ត ក្នុងនោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានមានប្រសាសន៍លើកឡើងពីបញ្ហាមួយចំនួនដែលត្រូវលើកយកមកដោះស្រាយរួមមាន៖ បញ្ហារបាយការណ៍តាមមន្ទីរអង្គភាពមិនច្បាស់លាស់ .បញ្ហាចំនួនតួលេខនៃថវិកាចំណូលចំណាយ .បញ្ហាចំណូលរបស់វត្តនៅក្នុងខេត្តក្នុងឱកាសបុណ្យភ្ជុំ .បញ្ហាគ្រូបង្រៀននិងបញ្ហាទឹកជំនន់។ល។ យើងពិនិត្យឃើញថា ការពិនិត្យពិភាក្សាឃើញថាមានភាពផុសផុលគួរឲ្យកត់សម្គាល់។
លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបានមានប្រសាសន៍ថា៖នាពេលបច្ចុប្បន្ននេះក្នុងខេត្តបន្ទាយមានជ័យកំពុងរងនូវផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងហើយពួកគាត់មួយចំនួនបានបង្ខំចិត្តជំលៀសទៅរស់នៅកន្លែងទីទួលមានសុវត្ថិភាព ក្នុងនោះគ្រួសាររងផលប៉ះពាល់ចំនួន ៩,២១៨ខ្នងផ្ទះ មនុស្សរាយ៤០,៦៣៧នាក់ស្រី២០,៧៨១នាក់ ក្នុងនោះស្លាបចំនួន១៤នាក់ ជម្លៀស៥៤៧គ្រួសារ មនុស្សរាយ២,២៣២នាក់ស្រី១,១២១នាក់ ហេដ្ឋារចនាសម្ព័ន្ធរងគ្រោះ សាលារៀន៥៩កន្លែង វត្តអារាម១៧វត្ត មណ្ឌលសុខភាព៣កន្លែង និងទឹកហូរកាត់ផ្លូវចំនួន ៤៦៣ខ្សែ សរុប២៩៣,៣១៥មែត្របើគិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងចែកអំណោយបានចំនួន ១,៧៨៨គ្រួសារ។
លោក ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឲ្យឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការអំពាវនាវសូមឱ្យពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ៖
១,សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតព្រោះពេលនេះវាជារដូវទឹកឡើង។
២,ចាប់២០ ខែតុលានេះតទៅសូមពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន។
៣,ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ ទាំងអស់បន្តចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ទាំងដូសជំរុញផងដែរ៕