អាជ្ញាធរខេត្តប៉ៃលិន ចុះជួយប្រមូលផលដំណាំដំឡូងមីរាប់សិបហិកតា នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលរងការលិចលង់ និងរលួយខូចដោយជំនន់ទឹកភ្លៀង
ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីភ្លៀងខ្លាំង បណ្តាលឱ្យទឹកជន់ឡើងលិចលង់ភូមិមួយចំនួនក្នុងស្រុកសាលាក្រៅ ធ្វើឱ្យលិចដំណាំដាំដុះអស់ជាច្រើនជាពិសេស ដំឡូងមី ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ខណ:ទឹកលិចដីចម្ការរយ:ពេល យូរអាចនឹងស្អុយរលួយគ្មានសល់អ្វីនោះឡើយ។
លុះឃើញការលំបាកប្រជាពលរដ្ឋកំពុងប្រមូលផល ត្រូវការកម្លាំងសង្គ្រោះបន្ទាន់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំឱ្យមន្រ្តីរដ្ឋបាលខេត្ត សហការជាមួយយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជន ស.ស.យ.ក ខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះជួយប្រមូលផលដំណាំដំឡូងមី ជូនប្រជាពលរដ្ឋចំនួន៩គ្រួសារ ស្ថិតនៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលរងគ្រោះលិចទឹក។ ដូច្នេះ ដើម្បីឱ្យទាន់ពេលវេលា លោកជំទាវអភិបាលខេត្តប៉ៃលិន ប្រញាប់ចាត់ឱ្យក្រុមការងារចុះជួយដកដំឡូងមី របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងខាងលើ បើទុករយ:ពេលតែ១ទៅ២យប់ទៀត អាចនឹងរលួយខូច មិនអាចប្រមូលផលលក់បាននោះទេ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងការងារចុះទៅជួយប្រមូលផលជូនពួកគាត់បានទាន់ពេលវេ លា ទោះបីជាមើមដំឡូងមីនេះ នៅខ្ចីក៏មិនមានបញ្ហាអ្វីនោះទេ ឱ្យតែបានលក់ខ្លះ ដើម្បីយកថវិកាសងជំ ពាក់បំណុលគេ។ រហូតមកដល់ពេលនេះ តម្លៃទីផ្សារដំឡូងមីស្រស់១គីឡូក្រាម ឈ្មួញទិញ២.២បាត(ប្រាក់ថៃ) ជាង២០០រៀល ហើយតម្លៃត្រឹមនេះ អាចទទួលយកបាន៕