បញ្ជូនខ្លួនក្មេងទំនើង៥នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនើងបានចំនួន ០៥នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងថ្នាំញៀនមួយចំនួន នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុមបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតចំណុចខាងលើទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានក្មេងទំនើង៥នាក់ ព្រមទាំងឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនមួយចំនួន រួចបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។
លោកមេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា ជនសង្ស័យ ទាំង៥នាក់ ដែលឃាត់ខ្លួនរួមមានៈ
១–ឈ្មោះ សុខ សុគឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់)
២–ឈ្មោះ វិត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់)
៣–ឈ្មោះ ហៃ ខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី (ប្រើប្រាស់)
៤–ឈ្មោះ យឿង ណេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)
៥–ឈ្មោះ ចិន្តា សុខមេសា ហៅ ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបាណយ សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។ វត្ថុតាងចាប់យក រួមមាន៖ –ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់ ០,៨៣ក្រាម, ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប1D 1484, ម៉ាក Honda wave ពណ៍ក្រហមខ្មៅ សេរី ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1Z 1197, ទូរស័ព្ទ ចំនួន ០៤គ្រឿង , ដាវសាំម៉ូរ៉ៃ ចំនួន ០១ដើម ប្រវែង ៥៤ស.ម, នាឡិកាចំនួន ចំនួន ០១គ្រឿង ។
តាមចម្លើយរបស់ ជនសង្ស័យទាំង៥នាក់ បានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។ដោយផ្អែកតាមចម្លើយសារភាព រួមនឹងវត្ថុតាង ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនិតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕