លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជួបសំណេះសំណាលក្រុមកីឡាករក្បាច់គុន កងពលតូចថ្មើរជើងលេខ៥១ ទៅហ្វឹកហាត់នៅបរទេសត្រៀមស៊ីហ្គេម២០២៣
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងផ្តល់ឱវាទដល់ក្រុមកីឡាករ ចំនួន ១១នាក់ របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ត្រៀមទៅហ្វឹកហាត់កីឡាក្បាច់គុន នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ និងវិលត្រឡប់ចួលរួមការប្រកួតដណ្តើមមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងវិញ្ញាសារកីឡាបញ្ចាសិលាឆ្នាំ២០២៣ ជាពិសេសចូលរួមចំណែកផ្សព្វផ្សាយក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់យោធិន ដែលខិតខំពុះពារគ្រប់ឧបស័គ្គ ក្នុងការហ្វឹកហាត់ រហូតដល់ទទួលការជ្រើសរើសពីសហព័ន្ធគុនល្បុក្កតោកម្ពុជា ទៅបន្តហ្វឹកហាត់នៅបរទេស បន្ថែមទៀត ដែលនេះគឺជាឱកាសមាសសម្រាប់ប្អូនៗ ក្នុងការបញ្ចេញសមត្ថភាព កសាងស្នាដៃ ជូនអង្គភាព និងជាតិមាតុភូមិកម្ពុជារបស់យើង ជាពិសេសត្រូវគោរពរាល់បទបញ្ជាផ្ទៃក្នុង ការណែនាំ និងគោរពច្បាប់នៅប្រទេសគេឲ្យបានល្អ រក្សាបាននូវសេចក្តីថ្លៃថ្នូ សាកសមជាយោធិនកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ ក៏បានឧត្ថម្ភថវិកាដល់ក្រុមកីឡាចំនួន១១ នាក់ និងអ្នកគ្រប់គ្រងចំនួន១នាក់ ក្នុងម្នាក់ទទួលបានថវិកា២០០.០០០រៀល និងជូនពរឲ្យប្អូនទាំងគ្នាហ្វឹកហាត់បានជោគជ័យទទួលបានមេដាយគ្រប់ៗគ្នា ៕