ឯកឧត្តមអភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យប្រតិភូតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក XING BAOGUO Qilu SEZ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ លោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប លោក WANG CHUANWEI អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុបប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សា ក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។
នាឱកាសនោះលោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់ បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលកន្លងមកឯកឧត្តម តែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយ ដើម្បីអោយក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានា មកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលថ្មីៗនេះ។
ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូជានពុចាយ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់រួមទាំងក្រុមហ៊ុនផ្សេងៗទៀត ដែលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូនាពេលកន្លងមក។
ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកវិយោគទាំងអស់ ដែលមកបណ្ដាក់ទុនវិយោគនៅខេត្តស្វាយរៀង ជាពិសេសបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា