អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ ចុះសួរសុខទុក និងនាំយកអំណោយសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់១៧០គ្រួសារ នៅស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងក្រុមការងារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានមានជីវភាពខ្វះខាត រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំចំនួន ២ មាន ឃុំណាំតៅ ចំនួន៥៥គ្រួសារ និងឃុំស្ពានស្រែងចំនួន១១៥គ្រួសារ សរុបចំនួន១៧០គ្រួសារ ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះពុកម៉ែបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់ជន់លិចផ្ទះសំបែង ។ក្រៅពីនេះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវរស់នៅប្របកដោយអនាម័យ ជាពិសេសក្នុងពេលទឹកជំនន់កំពុងឡើងខ្លាំង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ពិសេសមនុស្សចាស់ និងក្មេងៗ ព្រោះបើមានការធ្វេសប្រហែសវាអាចនឹងកើតមានគ្រោះថ្នាក់ណាមួយ ជាយថាហេតុ ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន ឃីត១កញ្ចប់ អង្ករ គ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនផងដែរ ៕