មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះទស្សនកិច្ចសិក្សា«ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ វរសេនាតូចថ្មើរជើងលេខ៥១១»
(បន្ទាយមានជ័យ)៖នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ដែលកំពុងឈរជើងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា–ថៃ។
នាឱកាសនោះដែរក៏អញ្ជើញចូលរួមពី អាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកម៉ាឡៃ នគរបាលព្រំដែនគោកលេខ៨១៥ តំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ និងលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិយាល័យទាំង៩ កងអនិសេនាធំចំណុះកងពល។
លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្រៅពីនោះ បានចូលបំពេញបេសកកម្មប្រតិបត្តិការ សហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ–១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល៕