ពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងគ្រួសារជួបការលំបាក សរុបចំនួន ៥០០គ្រួសារ នៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអគុណចំពោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ផ្ទះ៤០០ខ្នង ស្មើនឹង ៤០០គ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ និងថ្លែងនូវការកោតសរសើរចំពោះមន្ទីរ–អង្គភាពទាំងអស់ រួមទាំងអាជ្ញាធរស្រុក ឃុំ ក៏ដូចជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងមក បានចូលរួមសហការតាមការចង្អុលណែនាំ និងចាត់តាំងរបស់រដ្ឋបាលខេត្ត ក្នុងការចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូនឈើ និងដំណាំហូបផ្លែដល់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេសកិច្ចគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ បើទោះបីជាមិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បានជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យ បងប្អូនបានមកស្នាក់នៅអចិន្ត្រៃយ៍ រហូតដល់ទៅ ២៩៦គ្រួសារ និងស្នាក់នៅចេញ–ចូល មាន ១០៣គ្រួសារ និងមានតែ ១គ្រួសារ ប៉ុណ្ណោះ ដែលមិនមករស់នៅ ហើយក៏បានប្រគល់ជូនមករដ្ឋវិញផងដែរ ។
ឯកឧត្តមបន្ថែមថា ចំពោះចំណុចសេសសល់ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលនៅមានការខ្វះខាតនៅទីនេះ សូមឲ្យអាជ្ញាធរ ស្រុក រួមទាំងមន្ទីរ–អង្គភាពជំនាញ សហការចុះពិនិត្យសិក្សា និងវាយតម្លៃជាក់ស្ដែង ដើម្បីរៀបចេញជាផែនការបំពេញបន្ថែម ក្នុងនោះក៏សូមឲ្យមានការគិតគូរផងដែរ ។ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រដល់ការបង្កើតមុខរបរ ឬក៏សកម្មភាពសេដ្ឋកិច្ចនៅទីនេះផ្ទាល់ តែម្ដង ដែលអាចឲ្យបងប្អូនមានឱកាសក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ តាមរយៈការ បង្កើតជាសហគមន៍ដាំដំណាំបន្លែសរីរាង្គសម្រាប់ផ្គង់ផ្គង់ទីផ្សារ និង សិប្បកម្មដែលធ្វើដោយដៃ ជាដើម ។
ជាមួយគ្នានោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទ សហការរៀបចំជួយគាំទ្របងប្អូនលើការងារបណ្ដុះបណ្ដាលជំនាញ ទាំងអស់នេះ ក៏ដូចជាជួយរកទីផ្សារសម្រាប់លក់នូវផលិតផលដែលបងប្អូនផលិតបាន ។ ទន្ទឹមនោះ សូមឲ្យអាជ្ញាធរដែនដី និងមន្ទីរ–អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនេះ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យ បានល្អប្រសើរ តួយ៉ាងនៅក្នុងប្រើប្រាស់ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរួមមាន៖អង្ករ ២០គីឡូក្រាម ,មី ១កេស,ត្រីខ ១យួរ ,ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ ,សាប៊ូលាងដៃ ២ដុំ និងថវិកា ១០០.០០០រៀល ផងដែរ ៕ ដោយ ៖ លោក ផូ បញ្ញា