អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង០០និង១៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងថ្នាំញៀនមួយចំនួន នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួចនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កម្លាំងរបស់លោកបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោង០០និង១៥នាទី ឈានចូលថ្ងៃទី១៨ ខែតុលា ពេលដល់ចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក៏បានប្រទះឃើញបុរសម្នាក់ឈ្មោះ ឈិន រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ កំពុងតែជិះកង់គួរឱ្យសង្ស័យ ទើបកម្លាំងរបស់លោកបានហៅមកសួរនាំ ហើយធ្វើការឆែកឆេរ រកឃើញមានគ្រឿងញៀនប្រភេទទឹកកក ចំនួន០២កូនថង់កិប ទម្ងន់ ១,៦១ក្រាម និងសម្ភារៈមួយចំនួន ក្រោយមកកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយរបស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់ផង និងប្រើប្រាស់ខ្លួនឯងផង ។ ដោយផែកលើចម្លើយសារភាព ព្រមទាំងមានវត្ថុតាងផង ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់បន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធី៕