ប្រតិភូ ក្រសួងធម្មការនិងសាសនា ចុះពិនិត្យស្ថានភាពទឹកលិចវត្តអារាម ដែលរងនូវការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង
ខេត្តបន្ទាយមានជ័យ៖ទឹកជំនន់ទឹកភ្លៀងនាឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ធ្វើឲ្យមានការលិចលង់ផលដំណាំ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងមានការលិចលង់វត្តអារាមសរុបចំនួន ៥៤វត្ត និងបានស្រកចុះវិញចំនួន ៣៤វត្ត រីឯព្រះវិហារគ្រិស្តសាសនាលិចលង់ចំនួន ២០កន្លែង ស្រកចុះចំនួន២កន្លែង នៅសល់១៨ន្លែង គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។នេះបើតាមការបញ្ជាក់របស់លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខរបស់ប្រតិភូក្រសួងធម្មការ និងសាសនាដែលដឹកនាំដោយ ឯកឧត្ដម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងលោកជំទាវ ក្នុងបេសកកម្មចុះពិនិត្យមើលស្ថានភាពវត្តអារាម ដែលរងនូវការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងរយៈពេលពីរថ្ងៃទី១៩ – ២០ ខែតុលា ឆ្នាំ២០២២ ។
នាឱកាសនោះឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសូមចូលរួមក្នុងការលំបាក របស់ព្រះតេជគុណដែលបាន ជួបរងគ្រោះដោយសារទឹកជំនន់និងសូមបើកបេះដូងដោយស្មោះ ចំពោះការអាណិតស្រឡាញ់។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានមានប្រសាន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចព្រះពោធិវង្ស អំ លឹមហេង គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមញាតិញោមមហាពុទ្ធបរិស័ទទាំងអស់ ជាពិសេសក្នុងក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែជួបនូវការលំបាកនិងកំពុងជួបគ្រោះធម្មជាតិ ប្រកបដោយសមានចិត្តនិងការសោកស្ដាយយ៉ាងពន់ពេក ជាសត្យានុម័ត សេចក្ដីទុក្ខរបស់ញាតិញោមគឺជាសេចក្ដីទុក្ខរបស់ព្រះសង្ឃផងដែរ ព្រោះថាឆ្នាំងបាយរបស់ព្រះសង្ឃ គឺស្ថិតអាស្រ័យលើញាតិញោមពុទ្ធបរិស័ទ ។
ទន្ទឹមនោះដែរឯកឧត្ដម នរៈ រតនវឌ្ឍនោ និងលោកជំទាវ បានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីចូលរួមដល់វត្តដែលការលិចលង់ អំណោយមាន ក្នុង ១វត្ត អង្ករ ១០០kg មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យូរ និងថវិកាមួយចំនួន ៕