បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង០០និង៣០នាទី។
លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ក្រោយពីឃាត់ខ្លួនកម្លាំងបានធ្វើការឆែកឆេរលើដងខ្លួនបានរកឃើញនូវគ្រឿងញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៤កូនថង់កិបទម្ងន់១១,៦៨ក្រាម, ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០៥គ្រាប់ ទម្ងន់២,២៦ក្រាម, ម្សៅម៉ត់កញ្ចប់ពណ៌ក្រហម(រូបសេះ)ចំនួន០២កញ្ចប់ ទម្ងន់៣៦,៣៦ក្រាម, ម្សៅម៉ត់កញ្ចប់ពណ៌ខៀវ(រូបផ្លែទំពាំងបាយជូរ)ចំនួន ០៣កញ្ចប់ ទម្ងន់២២,៥៧ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 12pro.max ពណ៌ប្រផេះ ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីកន្លែងកំណើតភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃាត់ខ្លួនកម្លាំងបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី ។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារ ភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនខាលើមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដើម្បីបន្តនីតិវិធី៕