ពិធីបញ្ចុះបឋមសិលា សាងសង់ ក្លោងទ្វារ របងវត្ត ផ្សារកណ្តាល
ខេត្តបន្ទាយមានជ័យ៖កន្លងទៅថ្មីៗនេះ នៅវត្តរតនារាមផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ខ្លោងទ្វារ របងនៅជ្រុងខាងកើតវត្ត ដែលដឹកនាំកសាងដោយ ព្រះសេរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិការវត្តរតនារាមផ្សារកណ្តាល ព្រមទាំងអ្នកផ្តើមកសាងមាន លោកឧបាសក តាំង ផានណូ និងឧបាសិកា អ៊ុក សុណុន និងកូនចៅសម្រាប់ខ្លោងទ្វារ រីឯរបងព័ទ្ធជុំវិញបរិវេណវត្ត គឺជាសទ្ធាជ្រះថ្លា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនោះនិងក្រៅប្រទេស។
ព្រះសរីរក្ខិតវង្ស តែម ម៉ាច ព្រះគ្រូចៅអធិការវត្តស្រះកណ្តាលនេះ បានមានសង្ឃដីកា អរគុណ ចំពោះទឹកចិត្តសទ្ធាជ្រះថ្លា របស់សប្បុរសជនជិតឆ្ងាយ ជាពិសេសអាជីវករនៅក្រុងប៉ោយប៉ែត ដែលមានសន្ដានចិត្ដសទ្ធា ចូលរួមកសាង នូវសមិទ្ធផលនានាជាច្រើនក្នុងវត្ត។ជាក់ស្តែងនៅថ្ងៃនេះ យើងបានធ្វើពិធីបញ្ចុះបឋមសិលាសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីកសាងនៅខ្លោងទ្វារនិងរបង ដោយយើងបានមើលឃើញ វត្តផ្សារកណ្តាល មានទីធ្លាធំទូលាយ ហើយពុំមានក្លោងទ្វារ របងព័ទ្ធជុំវិញនោះឡើយ មានភាពល្ហល្ហេវ ព្រមទាំងសមិទ្ធផលនានាមួយចំនួនកំពុងសាងសង់ជាបណ្ដើរៗ។
ព្រះតេជគុណបានមានសង្ឃដីកាបន្តថា បច្ចុប្បន្ននេះវត្តផ្សារកណ្តាល ក៏មានព្រះសង្ឃគង់ នៅច្រើនអង្គហើយ ក៏កំពុងរៀនសូត្រ ដូចនេះព្រះនាមព្រះគ្រូចៅអធិការ ក៏សូមធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទទាំងអស់ ព្រមជាមួយនឹងអាជីវករ នៅក្រុងប៉ោយប៉ែត ដែលមានសទ្ធាជ្រះថ្លា ចង់ជួយឧបត្ថម្ភដល់ព្រះសង្ឃ ជាសមណសិស្សកំពុងសិក្សារៀនសូត្រ និងជួយចូលរួមឧបត្ថម្ភកសាងនូវ សមិទ្ធផលជាច្រើនដែលគ្រោង កសាងនិងកំពុងកសាងរួមមាន សាលាពុទ្ធិកសិក្សា កុដិ របងទ្វារជាដើម។នៅក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរ ព្រះតេជគុណនិងម្ចាស់សទ្ធាក៏បាន ធ្វើការចែកជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ផ្នែកជីវភាព ចំនួន ១០០គ្រួសារ មកពីតាមបណ្តាសង្កាត់នៅក្រុងប៉ោយប៉ែត ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី និងថវិកាមួយចំនួន៕