ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣
ប៉ៃលិន៖ក្រុមប្រឹក្សាខេត្តប៉ៃលិន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ទី១/ ពិនិត្យ និងអនុម័តពាក្យសុំច្បាប់ និងអវត្តមាន នៃកិច្ចប្រជុំសាមញ្ញលើកទី៤១ ក្រុមប្រឹក្សាខេត្ត
ទី២/ ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត
ទី៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែតុលា ឆ្នាំ២០២២ និងលើកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
ទី៤/ ប្រកាសទទួលស្គាល់បេក្ខភាពសមាជិកក្រុមប្រឹក្សាខេត្តថ្មី
ទី៥/ ការបែងចែកតួនាទីភារកិច្ចរបស់គណៈអភិបាលខេត្ត និងទី៦/ បញ្ហាផ្សេងៗ ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង–ស្រុក, ឃុំ–សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោល នោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។
ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា៖ ដោយមានភាពចាំបាច់ទើប គណៈអភិបាលខេត្តប៉ៃលិន បានស្នើដល់ក្រុមប្រឹក្សាខេត្ត ដាក់របៀបវារៈ ពិនិត្យ និងធ្វើការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត ដាក់អោយក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័តសេចក្តីព្រាងនេះ ដោយធ្វើឡើងស្របតាមច្បាប់បទដ្ឋានគតិយុត្តិ ដែលជាចលករជួយបង្កើននូវប្រសិទ្ធភាពការងាររបស់គណៈអភិបាល ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយវិជ្ចាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តការងារ និងការអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើន។
ជាមួយគ្នានេះ ក្រុមប្រឹក្សាខេត្ត ក៍បានកោតសរសើដល់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ដែលបានខិតខំអភិវឌ្ឍន៍ខេត្ត អោយមានការរីកចម្រើនគួរជាទីមោទន ហើយសង្ឃឹមជឿជាក់ថា បន្ទាប់ពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររួច គណៈអភិបាលខេត្តនឹងខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៕