បញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងធ្វើឲ្យខូចខាតដោយចេតនា
(បន្ទាយមានជ័យ)៖ជនសង្ស័យឈ្មោះ ហេង ចំណាន ហៅកូកា ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ តាំង គីមឡេង ភេទប្រុស អាយុ១៦ឆ្នាំ ដែលជាប់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួន បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នាចំនួន៦នាក់ បាននាំគ្នាធ្វើសកម្មភាពជិៈម៉ូតូចំនួន០២គ្រឿង កាន់កាំបិត០១ដើម ដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំយ៉ាងធ្ងន់ធ្ងរ និងបក្សពួកម្នាក់ទៀតឈ្មោះ ឌៀប ពៅហេង ភេទប្រុស អាយុ១៧ឆ្នាំផងដែរ ។ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ខាងលើ នៅកន្លែងផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំបិត០១ដើម នៅវេលាម៉ោង១២ និង៥៣នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ ចំណែកបក្សពួក០៤នាក់ទៀតបានរត់គេចខ្លួនអស់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានគ្នាចំនួន០៦នាក់ ជិៈម៉ូតូ០២គ្រឿង ហើយបានធ្វើកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ពិតប្រាកដមែន ។ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ព្រមទាំងមានវត្ថុតាង(កាំបិត)ផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែកបក្សពួកជនសង្ស័យចំនួន០៤នាក់ទៀត កម្លាំងកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕