អាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងបំពាក់ ឋានន្តរសក្ដិ និងផ្លាស់ប្តូរតួនាទីភារកិច្ច ជូននាយទាហាន កងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃកន្លងមក
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២ ២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងបំពាក់ឋានន្តរសក្ដិ និងផ្លាស់ប្តូរតួនាទីភារកិច្ច ជូននាយទាហាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃកន្លងមក។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមេបញ្ជាការរងកងរាជអាវុហត្ថខេត្ត នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង–ស្រុក ទាំង៩ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថ សរុបចំនួន៦៣រូប ក្នុងនោះនាយអាវុធហត្ថត្រូវបំពាក់ឋានន្តរសក្ដិចំនួន៣រូប និងផ្លាស់ប្តូរមុខតំណែងចំនួន៨រូប និងផ្ទេរភារកិច្ចចំនួន៥រូបផងដែរ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យរបស់អង្គភាពនាពេលកន្លងមកបានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវខ្ពស់។
ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានជម្រុញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ រួមគ្នាអប់រំខ្លួន កសាងខ្លួន ប្រកាន់ខ្ជាប់នូវសីលធម៌របស់កងរាជអាវុធហត្ថទាំង៥រួមមានៈ
ទី១–ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ
ទី២ – ភាពស្អាតស្អំ អត្តចរិតសុភាពរាបសារ អាកប្បកិរិយាស្លូតបូត សាមញ្ញ ប៉ុន្តែមានភាពម៉ឺងម៉ាត់ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ មានវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ
ទី៣ –មានសមត្ថភាពនិងភាពឆ្លាតវ័យគ្រប់កាលៈទេសៈ ដោយខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រហ្វឹកហ្វឺនគ្រប់ជំនាញវិជ្ជាជីវៈ
ទី៤–ឧស្សាហ៍ព្យាយាមក្នុងកិច្ចការងារ រាល់ការងារត្រូវតែមានភាពហ្មត់ចត់និងអំណត់ធន់ និង
ទី៥–មានសេចក្តីក្លាហានចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវ មានភាពច្បាស់លាស់។
ក្នុងនោះលោកមេបញ្ជាការបានផ្សព្វផ្សាយផែនការ ស្ដីពី ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន–បូក លើទី៩ នៅខេត្តសៀមរាប នាថ្ងៃទី២១–២៤ ខែវិច្ឆិកា ឆ្នាំ២០២២នាពេលខាងមុខ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រុញឱ្យកម្លាំងអាវុធហត្ថទាំងអស់ ព្រមទាំងក្រុមគ្រួសារទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខនេះផងដែរ៕