ខេត្តបន្ទាយមានជ័យ សម្រេចកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនក្រោម១ ០៤០រៀល ក្នុង១គីឡូក្រាមនៅនឹងកន្លែង
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការត្អួញត្អែពីការប្រមូលផលស្រូវបានហើយ លក់ចេញក្នុងតំលៃថោករបស់ប្រជាកសិករនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង និងធ្វើការសម្របសម្រួលភ្លាមៗមិនបង្អង់យូ។ជាក់ស្តែងនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុកឃុំ និងមន្ត្រីពាក់ព័ន្ធ បានបន្តចុះជួបផ្ទាល់នៅកន្លែងប្រមូលផ្តុំទិញស្រូវ(ដែលរៀបចំដោយក្រុមការងារចម្រុះ)ឈ្មួញ និងប្រជាកសិករ នៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅថ្ងៃ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ លោក លោកស្រីអភិបាលស្រុក មេឃុំតំណាង រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូល ទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។ ជាលទ្ធផល ក្រោយកិច្ចប្រជុំ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បាន សម្រេចប្រកាសកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនក្រោម ៩បាត ក្នុង១គីឡូក្រាម ឬ ១ ០៤០រៀល ក្នុង១គីឡូក្រាមនៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ឱ្យចុះប្រមូលទិញ ដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។ ការអនុវត្ដនឹងចាប់ផ្តើមពីគោលដៅចំនួន ៨ទីតាំង រួមមាន៖ នៅស្រុកភ្នំស្រុកមួយទីតាំង, នៅស្រុកព្រះនេត្រព្រះ មួយទីតាំង, នៅស្រុកស្វាយចេក បីទីតាំង និងនៅស្រុកថ្មពួកបីទីតាំង។ ប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។ ក្នុងករណីមានបញ្ហាអ្នកទិញអនុវត្តមិនត្រឹមត្រូវ សូមប្រជាកសិករមេត្តាទាក់ទងជាមួយមេឃុំ ឬ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួលបានការអន្តរាគមន៍នោះ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែលប្រជាកសិករកំពុងប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតា។ ដែលមកដល់ពេលនេះប្រមូលអស់ប្រមាណ ២ម៉ឺនហិកតាហើយ នៅសល់៧ទៅ៨ម៉ឺនហិកតាទៀត។ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្រុមការងារចម្រុះខេត្តដែលមានខាងកសិកម្មខេត្ត ពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនបៃតង់ បាននឹងកំពុងជួយសម្របសម្រួលជាប្រចាំជាមួយឈ្មួញ និងប្រជាកសិករ តាមគោលដៅដែលបានរៀបចំ៕