ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ នៅក្រុងប៉ោយប៉ែត ទទួលបានអំណោយ ពីសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព
ខេត្តបន្ទាយមានជ័យ៖ សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន ប្រធាន សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាពនិងជាលេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារ នៅបរិវេណវត្តអណ្តូងថ្មមាស ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក វ៉ែន វ៉ាន់នី ប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ គ្រឿងឧបភោគបរិភោគ ដែលចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួន ៣០០គ្រួសារ គឺមានការចូលរួមពីព្រះសង្ឃ និងសមាជិក សមាជិកា ដែលជាក្រុមការងារ សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ក្រុងប៉ោយប៉ែត និងសហការជាមួយក្រុមការងារស្រុក.ក្រុង នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលកំពុងជួបការលំបាក។ សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព នឹងបន្តការងារមនុស្សធម៌ជាបន្តបន្ទាប់ជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
នាឱកាសនោះលោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានថ្លែងការកោតសរសើរដល់ក្រុមសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ដែលតែងតែចូលរួមជាមួយអាជ្ញាធរ ក្នុងការងារសង្គម និងការងារមនុស្សធម៌ ចូលរួមចែកគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាក ក៏ដូចជាបានជួយសម្រាលបន្ទុករបស់អាជ្ញាធរ ជួយប្រជាពលរដ្ឋផងដែរ។ អភិបាលរងក្រុងប៉ោយប៉ែត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ និងមានកូនគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតដើម្បី មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិថ្មី នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរឯកឧត្តម ជិន ប៊ុនធឿន ប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព បានមានប្រសាសន៍ថា៖ សមាជិក សមាជិកាទាំងអស់ ត្រូវធ្វើអំពើល្អ ភាពស្មោះត្រង់ មេត្តា យោគយល់ ស្និតស្នាលនៅគៀកជាប់ជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ ស្រលាញ់ការពារសុខសន្តិភាព ការអភិវឌ្ឍន៍ និងគោរពគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសមាគមទទួលការស្រលាញ់ពេញចិត្តនិងចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជន។
ឯកឧត្តមប្រធាន បន្តថា សូមថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តអនុវត្តម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងផែនការយុទ្ធសាស្ត្ររបស់សមាគម ដែលបានដាក់ចុះ។ ពង្រឹងសាមគ្គីផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី រដ្ឋបាល ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត និងស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ លើកស្ទួយសង្គមជាតិ ជាពិសេសបំផុតគាំទ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី នាអាណត្តិថ្មីខាងមុខនេះ និងគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕