នគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយក្រសួងប្រៃសនីយ៍ ចុះបង្ក្រាបទីតាំងលួចតម្លើងអង់តែន និងឧបករណ៍លក់ចែកចាយInternet ខុសច្បាប់នៅជាយដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ:ដោយបានការអនុញាតិពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៩១១ បានសហការជាមួយក្រុមការងារអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារនៃនិយ័តករទូរគមនាគមន៍កម្ពុជា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះស្រាវជ្រាវនិងបានបង្ក្រាបបទល្មើសបច្ចេកវិទ្យា ១ករណី នៅចំនុចផ្ទះជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ ឯកឧត្តម ង៉ាន់ ដានី អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារនៃនិយ័តករទូរគមនាគមន៍កម្ពុជានិងក្រុមការងារ អាជ្ញាធរពាក់ពន្ធ័។ លោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
ជាលទ្ធផល ក្រុមសមត្ថកិច្ចចម្រុះដកហូរបានវត្ថុតាង ឧបករណ៍បបរិក្ខាទូរគមនាគមន៍ កែឆ្នៃដែលជនល្មើសសម្រាប់តម្លើងអង់តែន ដើម្បីទាញយកសេវាទូរសព្ទ័ និងអ៉ិនធើណេតពីប្រទេសថៃ ដើម្បីប្រើប្រាស់ និងលក់ចែកចាយនៅតំបន់ជាយដែនកម្ពុជា-ថៃ ដោយខុសច្បាប់ យកមករក្សាទុកដើម្បីមានចំណាត់ការតាមនីតិវិធី៕