កង្វល់និងបញ្ហាប្រឈមរបស់ពលរដ្ឋ នៅស្រុកមង្គលបូរី ត្រូវបានលើកឡើង ដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមសហការជាមួយរដ្ឋបាលស្រុកបានរៀបចំបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកមង្គលបូរី ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។វេទិកានេះបានធ្វើឡើងនៅបរិវេណ ផ្សារចំការតាដោក ស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធផងដែរ។
ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តនេះ ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះ រួមមានការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅលើការជួសជុលផ្លូវថ្នល់ដែលរងការខូចខាត,ការកសាងប្រព័ន្ធប្រឡាយទឹកសំរាបំរើការងារកសិកម្ម,ការផ្ដល់សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ,ការចុះសំបុត្រអត្រានុកូលដ្ឋាន,ការងារដោះស្រាយទំនាស់ដីធ្លី ជាដើម។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាអង្គ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នាថ្ងៃនេះពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានានិងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែ លំអ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានទទួលយកសំណូម ពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនោះធ្វើការដោះស្រាយដោយផ្ទាល់នៅនឹងកន្លែងជាមួយអង្គភាពពាក់ព័ន្ធហើយបញ្ហាដែលនៅសេសសល់និងត្រូវដាក់បញ្ជូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត៕