រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ អញ្ជើញក្រុងពាលីបើកការដា្ឋនសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅទីតាំងអគារលេខ១ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ: ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដា្ឋនសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅទីតាំងអគារលេខ១ ផ្លូវលេខ១០៩ កែងផ្លូវលេខ១១០ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រៀបចំពិធីក្រុងពាលីបួងសួងសុំបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដោយធ្វើការរុះរើអគារចាស់ នៃមន្ទីរទេសចរណ៍បច្ចុប្បន្ន។
ក្នុងឱកាសនោះ ក៏បានរៀបចំគ្រឿងសក្ការៈថ្វាយដល់ព្រះបារមីព្រះម៉ែធរណី ព្រះម៉ែគង្គា ព្រះបារមីគ្រប់ព្រះអង្គ ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីគ្រប់ព្រះអង្គដែលថែរក្សាដែនសមុទ្រ និងតំបន់ឆ្នេរ ព្រះបារមីព្រះនាងក្រេបសមុទ្រ ជាព្រះរាជបុត្រីព្រះឥន្ទ្រាធិរាជ ដែលទូលព្រះបង្គំសុំថ្វាយនៅទីនេះ នូវទង់ឃ្វាលា ៧ពណ៏ ចំនួន ២១ទង់ ជាតំណាងកងទ័ពរាប់ម៉ឺនលាននាក់របស់ព្រះនាង។ ព្រះបារមីលោកជំទាវម៉ៅ ហៅលោក យាយម៉ៅ ព្រះបារមីថែរក្សាខេត្តព្រះសីហនុ ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ព្រះវិញ្ញាណខ័ន្ធបុព្វបុរសថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីគ្រប់ព្រះអង្គដែលគង់ប្រថាប់នៅមហាប្រាង្គប្រាសាទ បារមី និងព្រះបារមីគ្រប់ព្រះអង្គដែលទូលព្រះបង្គំបានថ្វាយ សូមស្តេចទ្រង់យាងគង់ប្រថាប់នៅទីអាសនៈ ដែលបានរៀបចំថ្វាយនៅទីនេះរួចហើយសូមយាង និងសូមអញ្ជើញ។
ក្នុងឱកាសក្រុងពាលីបួងសួងដ៏មហាប្រសើរនេះ សូមឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាលាខេត្តព្រះសីហនុ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបានសេចក្ដីសុខចម្រើន បរិបូរណ៍ ចៀសផុតពីជម្ងឺកាចសាហាវទាំងពួង និងគ្រោះធម្មជាតិនានា ព្រមទាំងសូមជួយឱ្យការរៀបចំពិធីបើកការដ្ឋានសាងសង់ និងការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុប្រកបដោយភាពរលូន និងទទួលបានជោគជ័យដ៏ធំធេង សូមកុំឱ្យមានគ្រោះថ្នាក់ដល់កម្មករ បុគ្គលិកសំណង់នៅពេលសាងសង់ ហើយសូមឱ្យកិច្ចដំណើរការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត។
សូមបញ្ជាក់ថា គម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ សាងសង់រយៈពេល ១៥ខែ ចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០២២ បញ្ចប់ការងារសាងសង់នៅខែមិនាឆ្នាំ២០២៤ ដោយក្រុមហ៊ុនសាងសង់ អឹបេន ខេមបូ ប៊ីលឌើរ ឯ.ក URBAN CAMBO BUILDERS Co,LTD៕ ដោយ : លោក ផូង បញ្ញា