ប្រកាសចូលកាន់តំណែងជាអភិបាលរង ស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ស្រុក ក្រុង និងនាយករដ្ឋបាលសាលាស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យសរុបចំនួន ២១រូប នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោយពីទទួលបានមុខតំណែងនេះយើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ។បន្ទាប់ពីគណៈអធិបតីបានប្រគល់សេចក្ដីសម្រេច ភារកិច្ចជូនដល់អស់លោក លោកស្រី និងការប្តេជ្ញាចិត្ត ចូលបំពេញភារកិច្ចទទួលខុសត្រូវតាមមុខងាររៀងៗខ្លួន របស់អភិបាលរងស្រុក ក្រុងរួចមក។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងទៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ យោងតាមច្បាប់ស្ដីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីស្រុក ក្រុង ខណ្ឌ ក្នុងគោលបំណងកែសម្រួល គណៈអភិបាលរង ស្រុក ក្រុង ដើម្បីរ៉ាប់រង អនុវត្តមុខងារនិងអនុវត្តតួនាទីរបស់ខ្លួនឲ្យទទួលបានជោគជ័យ មានប្រសិទ្ធភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអនុវត្តសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់អស់លោក លោកស្រី ដែលត្រូវបានទទួលតំណែងថ្មីនាថ្ងៃនេះគឺត្រូវយកចិត្តទុកដាក់អប់រំណែនាំ បកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត ចរិតអុចអាល បង្កឲ្យមានហឹង្សាក្នុងសង្គម ខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផ្ដល់ប្រយោជន៍សហគមន៍ជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាពប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពនយោបាយ។ និងជំរុញបំផុសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសន្តិភាពរបស់រាជរដ្ឋាភិបាលដែលមានលក្ខណៈសម្បត្តិ ៧ យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាព ៕