លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីអបអរសាទរ ទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ពិធីអបអរសាទរ ទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២ លើកទី១៦ ក្រោមប្រធានបទ៖ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលរៀបចំដោយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅកាត់ថា (គ.ជ.ប.ជ) ។
ពិធីនេះបានប្រារពធ្វើឡើង នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ អាជ្ញាធរថ្នាក់ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិអន្តរជាតិ អង្គការសង្គមស៉ីវិល តំណាងគ្រប់និកាយសាសនា សាស្ត្រាចារ្យ សិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន ប្រមាណជាង ៣០០០ អង្គ/នាក់។
ការប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ធ្វើឡើងក្នុងគោលបំណង៖
*ទី១៖ បង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។
*ទី២៖ ជាការបំផុសការយល់ដឹងយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស ។
*ទី៣៖ ផ្សព្វផ្សាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍជាតិ៕