អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេជាងចាក់លូម្នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖មេជាងចាក់លូម្នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១១និង០២នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួច កំណាត់ដែក ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ការដ្ឋានស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោងតាមដើមបណ្តឹង ឈ្មោះ ឌិន ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ គ្រប់គ្រងសំណង់ ខាងលើ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លាន លីម (ដា) ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅការដ្ឋានភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកបានបន្តថា កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់ របស់ជនរងគ្រោះជាមេការគ្រប់គ្រងសំណង់ នៅចំណុចការដ្ឋានស្ទឹងបត់។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា តាមការរៀបរាបរបស់មេការថា មានជាងម្នាក់បានដឹកដែកចេញពីការដ្ឋានដោយពុំមានការអនុញ្ញាត ភ្លាមនោះរូបខ្លួនបានទៅមើលក៏ឃើញជនសង្ស័យ ឈ្មោះលាន លីម បានដឹកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រចំនួន១៨០កំណាត់ នៅលើរ៉ឺម៉កសណ្តោងម៉ូតូ បានដឹកចេញពីកន្លែង ដោយមានការសង្ស័យ ក៏បានប្តឹងអាវុធហត្ថដើម្បីអន្តរាគមន៍ ។ ក្រោយបានទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ ខាងលើព្រមទាំងចាប់យកវត្ថុតាងជាក់ស្តែងមាន ម៉ូតូរ៉ឺម៉កសណ្តោង ចំនួន០១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញ),ដែកកំណាត់ថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់(ប្រគល់ជូនម្ចាស់ដើមវិញ) យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕