ទុសេខ្សែភ្លើង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង រងការឆាបឆេះ សំណាងល្អមិនមានអ្នកគ្រោះថ្នាក់ និងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ដោយការអន្តរាគមទាន់ពីអាជ្ញាធរមូលដ្ឋាន
ខេត្តបន្ទាយមានជ័យ៖ដោយសារទុសេខ្សែភ្លើង បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ១ខ្នងថ្មក្រោម ឈើលើ នៅផ្សារតូច ក្រុងសិរីសោភ័ណ ឆាបឆេះខ្ទេចអស់ ២ខ្នងទៀតឆេះអស់៥០% សំណាងល្អមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ដោយសារមានការអន្តរាគមន៍ទាន់ពីកម្លាំងចម្រុះនាំយករថយន្តបាញ់ទឹកពន្លត់។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺទុសេខ្សែភ្លើងចេញពីផ្ទះឈ្មោះ ឌិត រ៉ាម៉ា ចន្រ្តា ភេទប្រុស អាយុ៦៧ និង ប្រពន្ធ ឈ្មោះ គឹម ហឿត ភេទស្រី អាយុ៦៤ឆ្នាំ ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ នៅផ្សារតូច ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឆេះយ៉ាងសន្ធោសន្ធៅ ស្របពេលនោះ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំគណៈបញ្ជាការឯកភាពក្រុង នាំយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកយ៉ាងសស្រាក់សស្រាំកន្លងម៉ោងក្រោយមកភ្លើងបានរលត់ជាស្ថាពរ ក្នុងនោះឃើញថា ផ្ទះ២ខ្នងទៀត ត្រូវឆេះអស់ពាក់កណ្តាល ១/ឈ្មោះ ឌិតរ៉ាម៉ា ចន្រ្តា ភេទប្រុស អាយុ៦៧ និងប្រពន្ធ ឈ្មោះ គឹម ហឿត ភេទ ស្រី អាយុ៦៤ឆ្នាំ បណ្ដាលខូចខាត ទ្រព្យសម្បត្តិអស់ទាំងស្រុង ក្នុងនោះមានកង់១គ្រឿង ទូទឹកក១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
២/ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អឿម នាទ ភេទស្រី អាយុ៥៧ ឆ្នាំ ខូចខាតទ្រព្យសម្បត្តិប្រហែល៥០% ប្រាក់១លាន និងសម្ភារៈមួយចំនួន ។
៣/ផ្ទះទំហំ៤ម៉ត្រx៥ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ចេក ម៉ាច ភេទស្រី ៧៨ឆ្នាំខូចខាតទ្រព្យសម្បត្តិ ផ្ទះមួយចំហៀងនិងសម្ភារៈមួយចំនួន ។ក្នុងការពន្លត់នោះចំណាយ រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង បាញ់ពន្លត់ រយះពេលជាងកន្លះម៉ោងទើបភ្លើងរលតអស់ទាំងស្រុង៕