មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងនាំយកកុំព្យូទ័រលើតុចំនួន១៣គ្រឿង ផ្តល់ជូនដល់ការិយាល័យ អប់រំស្រុក និងសាលារៀនទាំង១២ នៅក្នុងស្រុកភ្នំស្រុក
(បន្ទាយមានជ័យ )៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញសំណេះសំណាលនិងនាំយកកុំព្យូទ័រលើតុ (Computer Desktop) ចំនួន១៣គ្រឿង ជាអំណោយលោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់ការិយាល័យ អប់រំស្រុក និងសាលារៀនទាំង១២ នៅក្នុងស្រុកភ្នំស្រុក សម្រាប់បម្រើតាមតម្រូវការក្នុងសាលាក៏ដូចជាវិស័យអប់រំ ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ។
ការនាំយកកុំព្យូទ័រប្រគល់ជូននោះដែរ ក៏មានការអញ្ចើញចូលរួមពីសំណាក់លោក ឃ្លោក នូយ អភិបាលរង នៃគណ:អភិបាលខេត្ត លោក ជូ បុត្រ អភិបាល នៃគណ:អភិបាលស្រុកភ្នំស្រុក លោក–លោកស្រី អភិបាលរងស្រុក លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ សរុបចំនួន១៤១នាក់។ពិធីនេះបានរៀបចំធ្វើឡើងនៅវិទ្យាល័យ ភ្នំស្រុក ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ–អ្នកគ្រូ នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណ ចំពោះលោក ឈឿង ឈីវអៀន ដែលបានផ្តល់កុំព្យូទ័រជូនដល់សាលារៀនសម្រាប់ប្រើប្រាស់។ជាមួយគ្នានោះដែរ លោកក៏បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ–អ្នកគ្រូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយចំណេះដឹង ដល់សិស្សានុសិស្ស ផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានលើកឡើងបន្តថា វិស័យអប់រំ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាពឈានមុខគេ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស។
ជាមួយគ្នានោះលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានអំពាវនាវដល់អាណាព្យាបាលដែលមាន កូនៗគ្រប់អាយុ សូមនាំកូនៗទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា កុំព្យូទ័រ ទាំង១៣គ្រឿង ត្រូវបានផ្តល់ជូនការិយាល័យ អប់រំស្រុកចំនួន១គ្រឿង និងសាលារៀន១២សាលាទទួលបាន១២គ្រឿង ព្រមទាំងសម្ភារៈ កីឡា មានដូចជា អាវ១៤១ឈុត ,បាល់ទះ ១០គ្រាប់ ,បាល់ទាត់ ១៥គ្រាប់ ,សារុង ១៤១សារុង ,ភេសជ្ជ:ចំនួន ៥០កេស និងលោកគ្រូ–អ្នកគ្រូ ដែលបានចូលរួមចំនួន១៤១នាក់ ក្នុងម្នាក់ទទួលបានថវិកា ចំនួន៥ម៉ឺន រៀល ផងដែរ៕