ប្តីមានស្រី លួចយកប្លង់ដីលក់ឱ្យឈ្មួញ រួចប្តឹងតុលាការ ឱ្យចុះចេញពីផ្ទះរួមជាមួយកូនក្នុងបន្ទុក៤នាក់
ខេត្តប៉ៃលិន៖ ក្រោយពេលទទួលដីការកោះបង្ខំឱ្យចុះចេញពីផ្ទះ របស់ចៅក្រុមអនុវត្តនៃសាលាដំបូងខេត្តប៉ៃលិន ស្រ្តីម្នាក់ មានកូន០៤នាក់ក្នុងបន្ទុក ស្រែកទ្រហោយំ លើកដៃសំពះ សុំអង្វរលោកជំទាវ អភិបាលខេត្តប៉ៃលិន ជួយដោះស្រាយបន្ទាន់ ខណៈនាងអះអាងថា អតីតប្តីខ្លួន លួចមានស្រីក្រៅ ចុះចេញពីផ្ទះ លុះក្រោយមកលួចយកប្លង់ផ្ទះលក់ឱ្យឈ្មួញ ដោយគ្មានការយល់ព្រមលក់ពីនាងឡើយ។
ករណីស្រ្តីរងគ្រោះដាក់ពាក្យបណ្តឹងសុំកិច្ចជួយអន្តរាគមន៍នេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលាខេត្តប៉ៃលិន។
ស្រ្តីរងគ្រោះមានឈ្មោះ កែវ សុខលៀង អាយុ៣៨ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក ស្រី២នាក់ ប្រុស២នាក់ រស់ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន អតីតប្តីមានឈ្មោះ ខុម បូរិទ្ធ អាយុ៣៩ឆ្នាំ លួចមានស្រី ចុះចេញពីផ្ទះអស់រយៈពេលជាយូរ ក្រោយមកបានទៅយកប្លង់ដី ដែលបញ្ចាំនៅធនាគារលក់ឱ្យឈ្មួញម្នាក់ឈ្មោះ សំ សារ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្រ្តីនៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ប្រពន្ធឈ្មោះ អឿង សុគណ្ណារ៉ា អាយុ៣២ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ត្រូវឈ្មួញនេះ ប្តឹងឱ្យនាងចុះចេញពីផ្ទះតែម្តង។
លោកស្រី កែវ សុខលៀង បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក គឹម ម៉េង ចៅក្រមអនុវត្តនៃសាលាដំបូងខេត្តប៉ៃលិន បានចេញដីការកោះហៅ ដោយចុះអនុវត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ធ្វើឱ្យគាត់មានការព្រួយបារម្ភពីសុវត្ថិភាព ទើបរត់ទៅដាក់ពាក្យបណ្តឹងនៅសាលាខេត្តប៉ៃលិន សុំអង្វរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម អ៊ី ឈាន ជួយដោះស្រាយជាបន្ទាន់។
លោកស្រី កែវ សុខលៀង បញ្ជាក់ទៀតថា បុរសអតីតជាប្តីកំហូច បានទៅយកប្លង់ដីផ្ទះ ដែលបញ្ចាំនៅធនាគារលក់ឱ្យមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខណៈដែលរឿងរ៉ាវប្តឹងផ្តល់គ្នាកំពុងដំណើរការដោះស្រាយ មិនទាន់ចប់នៅឡើយនោះ នាងបានដាក់ពាក្យបណ្តឹងទប់ស្កាត់នៅភូមិ សង្កាត់ សាលាក្រុង ទៅខាងមន្ទីរសុរិយោដី ព្រមទាំងប្តឹងរក្សាការពារនៅតុលាការខេត្តប៉ៃលិនថែមទៀត តែមិនដឹងយ៉ាងណា ក៏ស្រាប់តែអតីតប្តីនាង ឃុបឃិតគ្នាជាប្រព័ន្ធក្លែងឯកសាររដ្ឋអំណាច ចាប់តាំងពីភូមិ រហូតដល់សង្កាត់ ចុះហត្ថលេខាផ្ទេរសិទ្ធិកាន់កាប់ដីធ្លី មិនមានស្នាមមេដៃរបស់នាងជាប្រពន្ធនោះឡើយ ខណៈចុះហេត្ថលខាលក់ទិញតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦មកម្លេះ តាមពិតនាងប្តឹងលែងលះគ្នា ទើបតែកើតមានឡើងនៅឆ្នាំ២០១៨–២០១៩។ពាក់ព័ន្ធករណីខាងលើនេះដែរអង្គភាពយើងមិនអាចសុំការបកស្រាយពីភាគីម្ខាងបាននៅឡើយទេរហូតមកដល់ពេលនេះ តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីសាម៉ីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕ ព័ត៌មានលំអិតសូមអញ្ជើញស្តាប់នូវបទសម្ភាសន៍ រវាងលោកស្រី កែវ សុខលៀង ជាមួយអ្នកសារព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោម៖