ឯកឧត្តម ភូ ពុយ បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាកសិករ នៅក្នុងស្រុកមង្គលបុរី
(បន្ទាយមានជ័យ)៖ដើម្បីពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ជូនដល់បងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរីឯកឧត្តម ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង អមដំណើរដោយលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ–ចិន សាលារៀនចុងវ៉ា និងជាសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី រួមជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ នៅឃុំស្រះរាំង និងឃុំរហាត់ទឹក ស្រុកមង្គលបូរី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
លោក លី សារី ក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត បានថ្លែងអគុណចំពោះឯកឧត្តម អគ្គនាយកក្រុមហ៊ុនបៃតង និងក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខ នឹងពីរបញ្ហាកង្វល់របស់បងប្អូនប្រជាកសិកររឿងស្រូវ.អង្ករ។ ព្រោះស្រូវ អង្គរ ពិតជាសំខាន់ណាស់សម្រាប់ជីវភាព សេដ្ឋកិច្ច របស់បងប្អូនប្រជាកសិករ ក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាក្នុងស្រុកមង្គលបូរីទាំងមូល។
ជាមួយគ្នានោះលោក ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករដែលចូលរួមនាពេលនេះ ត្រូវចូលរួមយកចិត្តទុកដាក់ស្តាប់ និងលើកឡើងពីកង្វល់របស់បងប្អូនប្រជាកសិករនៅមូលដ្ឋានរបស់ខ្លួន។ជាពិសេសចូលរួមសហការណ៍ពីការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ដើម្បីបញ្ចៀសការទិញស្រូវទម្លាក់ថ្លៃស្រូវពីឈ្មួញមួយចំនួន។
ថ្លែងក្នុងឱកាសការជួបសំណេះសំណាលជាមួយប្រជាកសិករឯកឧត្តម ភូ ពុយ បានមានប្រសាសន៍លើកឡើងថា៖ ការចុះជួបសំណេះសំណាលនាពេលនេះគឺដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាកសិករ សម្រាប់អ្នកស្ម័គ្រចិត្ត ដែលចូលរួមជាសមាជិកក្រុមសហគមន៍ទីផ្សារស្រូវ.អង្ក ក្នុងស្រុកមង្គលបូរី ជាមួយក្រុមហ៊ុនបៃតង។ ម្យ៉ាងវិញទៀត ដើម្បីទទួលបានទីផ្សារស្រូវអង្ករច្បាស់លាស់ ជូនបងប្អូនជាកសិករ ដើម្បីទៅថ្ងៃអនាគត ដើម្បីគុណភាព នៃតម្លៃស្រូវ.អង្ករ នៅក្នុងសហគមន៍ ក៏ដូចជានៅលើកទីផ្សារផងដែរ។
ឯកឧត្តម អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង បានបញ្ជាក់ថា៖ឯកឧត្តម និងក្រុមការងារ នឹងខិតខំប្រឹងប្រែងពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ជូនដល់បងប្អូនប្រជាកសិករ អោយប្រែក្លាយសហគមន៍ ក្លាយជាសហករទីផ្សារសម្រាប់ជំរុញកំណើននៃប្រាក់ចំណូលផ្នែកស្រូវ.អង្គរ ឲ្យរីកចម្រើនទៅថ្ងៃអនាគត នៅក្នុងស្រុកមង្គលបូរី ហើយក្រុមហ៊ុនធានាទិញយកទាំងអស់សម្រាប់សហគមន៍។ ជាក់ស្តែងនឹងបង្កើតឥណទានជី.ថ្នាំស្រូវ ក្រុមគ្រូពេទ្យក្នុងការចុះពិនិត្យស្រូវ ថែទាំជំងឺស្រូវ។
ឯកឧត្តម ភូ ពុយ សូមឱ្យអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលជាកសិករទាំងអស់ ដែលបានចូលរួមនៅពេលនេះត្រូវត្រឡប់ទៅមូលដ្ឋានវិញចូលរួមសហការណ៍ ធ្វើការជាមួយក្រុមការងារអោយច្បាស់លាស់ និងបន្តផ្សព្វផ្សាយបញ្ហានេះឲ្យបានផលផុសដល់បងប្អូនយើងនៅក្នុងសហគមន៍ ដើម្បីគុណភាពនៃតម្លៃស្រូវ.អង្ករ បានខ្ពស់នៅលើកទីផ្សារផងដែរ៕