បញ្ជូនខ្លួនជនសង្ស័យ ១នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះពាក់ព័ន្ធករណី លួចម៉ូតូ០១គ្រឿង ម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ 1P-5318 ដែលកើតឡើងនៅចំណុចម្ដុំផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ខណៈដែលចតទុកនៅមុខផ្ទះ ដោយមិនបានដកកូនសោរចេញនោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លុច ភិរុណ ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះផងដែរ ក្នុងខណ:ពេលជនស្ស័យយកម៉ូតូ ទៅបិទស្គុត ដើម្បីកុំឲ្យគេស្គាល់ នៅកន្លែងបិទស្គុតម៉ូតូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២និង៥២នាទី ថ្ងៃទី០១ ខែមីនា រួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញសួរនាំរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយយកទៅលាក់ទុក ក្រោយមកខ្លួនបានយកម៉ូតូនោះទៅបិទស្គុត ដើម្បីកុំឲ្យម្ចាស់គេមើលស្គាល់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែកម៉ូតូ ត្រូវបានកម្លាំងក្រុងប៉ោយប៉ែតប្រគល់ឲ្យម្ចាស់ដើមវិញហើយ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕