ករណីអគ្គីភ័យឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត គិតត្រឹមវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ កម្លាំងចម្រុះកម្ពុជា និងកម្លាំងអន្តរាគមន៍ថៃ បានរកឃើញអ្នកស្លាប់ចំនួន១៦នាក់ និងរងរបួស ៥៨ នាក់
ខេត្តបន្ទាយមានជ័យ៖គិតត្រឹមវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងចម្រុះកម្ពុជា និងកម្លាំងអន្តរាគមន៍រុករករបស់ថៃ បានរុករកឃើញអ្នកស្លាប់ចំនួន ១៦នាក់ និងអ្នករងរបួស៥៨នាក់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះកាស៊ីណូ ហ្គ្រែនដាយមិន និង រី សត នៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។នេះបើតាមការឲ្យដឹងពីលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត ។លោកបញ្ជាក់ថា ដោយសារកម្លាំងជំនាញកំពុងមមាញឹកក្នុងការរុករកបន្ត រីឯងភ្លើងមិនទាន់រលត់ ចំណែកស្ពានកាស៊ីណូដែលឆ្លងកាត់លើផ្លូវមានស្ថានភាពមិនអំណោយផល ពោលគឺទ្រុតទ្រោមដោយសារភ្លើងឆេះនោះ លោកបានសម្រេចចិត្តឲ្យកម្លាំងសមត្ថកិច្ចបិតជាបណ្តោះអាសន្ន ដោយឲ្យវាងតាមផ្លូវដើមពុទ្រា ឆ្ពោះទៅស្របបន្ទាត់ព្រំដែន ដើម្បីទៅវាយលិខិតឆ្លងដែន ចេញ–ចូលកម្ពុជា–ថៃ នៅទីស្នាក់ការច្រកទ្វាអន្តរជាតិធម្មតា។
ក្នុងប្រតិបត្តិការចុះជួយអន្តរាគមន៍នោះដែរគេសង្គេតឃើញមានវត្តមាន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ស្នងការង អធិការក្រុង មេបញ្ជាការ មេបញ្ជាការរង គ្រប់អង្គភាព កម្លាំយោធា លោកអភិបាលក្រុង និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាជាមួយកម្លាំងអន្តរាគមន៍របស់ប្រទេសថៃ បាននាំយករថយន្តពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះបន្ទាន់ និងឧបកណ៍ផ្សេងៗទៀត ដើម្បីជួយអន្តរាគមន៍យ៉ាងដុតដៃដុតជើង និងធ្វើការរុករកជនរងគ្រោះដែលកំពុងជាប់នៅក្នុងកាស៊ីណូខាងលើនោះផងដែរ។ក្រោយពីទទួលបានព័ត៌មានដ៏រន្ធត់នេះភ្លាមនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ថ្នាក់ដឹកនាំកំពូល ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្តម ខេង សាម៉េត ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់នៅកន្លែងកើតហេតុផងដែរ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សាកសព ជនរងគ្រោះដែលកម្លាំងអន្តរាគមន៍រកឃើញនោះអាជ្ញាធរបានសម្រេច តម្កល់ទុកនៅវត្តត្រាចក្រុងប៉ោប៉ែត ដើម្បីធ្វើកោសល្យវិច្ច័យ មុនប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សេចក្តីរាយការណ៍បានបញ្ជាក់ រហូតមកដល់រសៀល ថ្ងៃ ខែ ខាងលើ អគ្គភ័យនូវមិនទាន់រលត់នៅឡើយទេ កម្លាំងសមត្ថកិច្ចកំពុងមមាញឹកបាញ់ទឹកពន្លត់ រីឯកម្លាំងអន្តរាគមន៍ទាំងកម្ពុជា និងថៃ កំពុងតែបន្តរុករក។
ពាក់ព័ន្ធករណីអគ្គីភ័យឆេះនេះដែរ បើតាមប្រភពពីអ្នកបម្រើការងារនៅក្នុងកាស៊ីណូបានបញ្ជាក់ថា មូលហេតុនៃការឆេះនេះគឺផ្តើមចេញពីកន្លែងធ្វើម្ហូប នៅជាន់ខាងក្រោមផ្ទាល់ដីរបស់កាស៊ីណូ អាចជាផ្ទុះធុងហ្គាស ឬផ្ទុះកាបីនភ្លើងអគ្គីសនី ហើយកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ បង្កឲ្យមានការភ្ញាក់ផ្អើល រហូតដល់បុគ្គលិក និងភ្ញៀវ ជាច្រើននាក់ខ្លះលោតពីលើអាគាកាស៊ីណូ ខ្លះបានជាប់ចេញមិនរួច ទើបបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ៕