ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វែកខ្លាំងណាស់បងប្អូនអាជីវកខ្មែរ ដែលប្រកបរបរលក់ដូរនៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ជាប់ព្រំដែនកម្ពុជា ឈមនឹងច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះតូបគ្មានសល់ទំនិញ កាលពីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចដើមពោធិ៍ ស្ថិតក្នុងស្រុកអារ័ញ្ញប្រថេត ខេត្តស្រៈកែវ ប្រទេសថៃ។ក្រោយពីកើតហេតុភ្លាមកម្លាំងសមត្ថកិច្ចថៃ បាននាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមភ្លាមៗ តែជាអកុសល្យដោយសារភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងស្ថានការបាន ទើបបណ្តាលឲ្យឆេះរាលដាលរហូតអស់សរុបចំនួន៥៦តូប នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ទំនិញដែលរងការឆាបឆេះអស់គ្មានសល់នោះ មានដូចជា កាបូបជជុះ ,ទ្រនាប់ជើងជជុះ ,មុង ភួយ ខ្នោយ ជាដើម ហើយតូបទាំងនេះសិតសឹកគ្មានម្ចាស់ស្នាក់នៅ ពោលគឺពេលព្រឹកម្ចាស់ចូលពីកម្ពុជា ទៅបើកតូបលក់ លុះពេលល្ងាចទើបវិលត្រលប់មកវិញ។
ពាក់ព័ន្ធករណីអគ្គីភ័យឆេះតូបអាជីវករខ្មែរនេះដែរ បើតាមការសន្និដ្ឋានរបស់អាជ្ញាធរថៃ ទំនងទុស្សេខ្សែភ្លើង ហើយទំហុំនៃការខូចខាតនោះ រហូតមកដល់ពេលនេះមិនទាន់ប៉ាន់ស្មានបាននៅឡើយ ក៏ប៉ុន្តែតាមការសន្និដ្ឋានបឋមអាចខ្ទង់រាប់លានបាតឯណ្ណោះ ។
គួរបញ្ចាក់ផងដែរថា អគ្គីភ័យឆាបឆេះតូបរបស់អាជីវករខ្មែរ នៅលើទឹកដីថៃ ក្នុងផ្សាររោងក្លឿនេះមិនមែនទើបតែកើតមាននោះទេ ហើយឆេះម្តងៗស្ទើអស់ទាំងស្រុងតែម្តង មិនមានអ្នកទទួលខុសត្រូវននោះឡើយ ទោះបីជាអាជីវករខ្មែរមួយចំនួន ធ្លាប់បង់សេវាធនារ៉ាប់រងឲ្យទៅក្រុមហ៊ុននៅក្នុងប្រទេសថៃក្តី ។បច្ចុបន្ននេះការលក់ដូររបស់អាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ មានការធ្លាក់ចុះយ៉ាងកំហុក ដោយសារកត្តាភាគីថៃពង្រីតូបកាន់តែច្រើន គ្មានអ្នកទិញ រីឯតម្លៃជួលតូបថ្លៃកប់ពពក ហើយក៏គួបផ្សំទៅនឹងសេដ្ឋកិច្ចផងដែរ ៕