ប្រកាសលោក សុខ ណារ៉េត ចូលកាន់តំណែងជាអភិបាលស្រុកក្រឡាញ់ ជំនួសលោកស្រី ម៉ននី រងី្ស ដែលបានទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប
ខេត្តសៀមរាប៖អភិបាលរងស្រុកក្រឡាញ់លោក សុខ ណារ៉េត ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកក្រឡាញ់ ជំនួសលោកស្រី ម៉ននី រងី្ស អតីតអភិបាលស្រុក ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប ។
ពិធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់តំណែងនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣ នៅសាលាស្រុកក្រឡាញ់ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុក ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជម្រុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ– ១៩ ឱ្យបានគ្រប់ៗគ្នាតាមដូសបន្តបន្ទាប់ និងត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ម្យ៉ាងទៀតត្រូវខិតខំបន្តទៀតចំពោះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ដោយជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ សំដៅរួមគ្នាធានាឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យទូទាំងស្រុក ដើម្បីឱ្យរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីធានាបានកំណើនសេដ្ឋកិច្ច និងឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការទាំងអស់ខាងលើ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ម៉្យាងទៀតក៏ត្រូវបង្ក្រាបឲ្យខាងតែបាននូវបទល្មើសគ្រឿងញៀន ក្មេងទំនើងក្នុងមូលដ្ឋាន និង បង្កើនការដាក់ស្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺតាមដងផ្លូវ ក្នុងការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជំរុញប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតហូសសុពលភាព ទៅធ្វើថ្មីនៅតាមបណ្តាប៉ុស្តិ៍នគរបាលតាមឃុំ៕