លោក ដុំ ឈៀង នាយរង សង្កាត់រដ្ឋបាលព្រៃឈើថ្មពួក កំពុងសប្បាយកើបលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ
ខេត្តបន្ទាយមានជ័យ៖ការកាប់បំផ្លាញ និងដឹកជញ្ជូនអនុផលព្រៃឈើ ពីខេត្តព្រះវិហារ ឧត្ដរមានជ័យ ចូលក្នុងខេត្តបន្ទាយមានជ័យ តាមស្រុកថ្មពួកកំពុងចរាចរណ៍សឹងរាល់យប់ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកថ្មពួក ហាក់រក្សាភាពស្ងប់ស្ងាត់ ដោយសារតែមាននាយរង សង្កាត់រដ្ឋបាលព្រៃឈើថ្មពួកឈ្មោះ ដុំ ឈៀង ជាអ្នករត់ការ និងមើលផ្លូវឲ្យឈ្មួញដឹកជញ្ជូនដោយរលូន។
ជាក់ស្ដែងកាលពីវេលាម៉ោងប្រមាណជាង២យប់ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ភ្លាក់ងារដេប៉ូធំខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់គោយន្ត១គ្រឿង ដឹកជញ្ជូនឈើប្រណិត ប្រមាណជាង៣ទៅ ៤ម៉ែត្រគូប ប្រគល់ឲ្យលោក ដុំ ឈៀង នាយរង សង្កាត់រដ្ឋបាលព្រៃឈើថ្មពួក យកទៅរក្សាទុកនៅកន្លែងផ្នែករដ្ឋបាលព្រៃឈើស្រុកថ្មពួក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១១ ថ្ងៃដដែល គោយន្តដែលចាប់យកទៅកន្លែងរដ្ឋបាលព្រៃឈើនោះ ត្រូវបានដោះលែងឲ្យទៅវិញ ដោយបន្សល់ទុកតែឈើនៅកន្លែងតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការដោះលែងនេះដែរ អ្នកសារព័ត៌មានយើងបានខលទូរសព្ទសុំការពន្យល់ពីលោក ដុំ ឈៀង ដោយលោកបញ្ជាក់ថា “អ្នកណាថាដោះលេង គេធ្វើតាមនីតិវិធីរដ្ឋបាលព្រៃឈើអស់ហើយ” រួចក៏បិទទូរស័ព្ទភ្លាម។
ជុំវិញបញ្ហានេះឈ្មួញ ក៏ដូចជាអ្នករកស៊ីផ្នែកអនុផលព្រៃឈើ បានបង្ហើបនិងលើកជាសុភាសិតថា «បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏វាមិនហ៊ានដែរ»យ៉ាងណាមិញមិនខុសពីលោក ដុំ ឈៀង នាយរង សង្កាត់រដ្ឋបាលព្រៃឈើថ្មពួកនោះដែរ បើមិនមានការទំនាក់ទំនងល្អជាមួយឈ្មួញនោះទេ ក៏អ្នកដែលប្រព្រឹត្តបទល្មើស ក៏មិនហ៊ានដឹកឈើចូលទឹកដីស្រុកថ្មពួកបានដោយរលូនបែបនេះឡើយ ម្យ៉ាងវិញទៀតការចាប់ឬឃាត់ម្តងៗ ក៏មិនងាយនិងធ្វើការដោះលែងងាយៗនិងប្រើរយះពេលខ្លីបែបនេះដែរ ហើយការដោះលែងនេះទៀតសោតក៏មិនមែនជាលើកទី១នោះដែរ ពោលគឺរាល់សកម្មភាពឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ក្នុងទឹកដីស្រុកថ្មពួក គឺគេចមិនផុតពីបង់លុយឲ្យលោក ដុំ ឈៀង នោះឡើយ មិនត្រឹមតែប៉ុណ្ណោះ បើកផ្លូវឬជួយមើលផ្លូវឱ្យក្រុមឈ្មួញទៀតផង ។
ដូច្នេះស្នើឲ្យប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សូមជួយធ្វើការស្រាវជ្រាវ និងពិនិត្យផងទាន ទៅលើលោក ដុំ ឈៀង មន្ត្រីដែលមន្ទីរខេត្ត និងពិសេសក្រសួងរុក្ខាប្រមាញ់ និងនេសាទជឿទុកចិត្តនោះ ដើម្បីជៀសវាងផលប៉ះពាល់ដល់មន្ត្រីល្អៗជាច្រើនរូបផ្សេងទៀតនោះ៕