អភិបាលខេត្តកណ្ដាល ស្នើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ បង្ក្រាបឱ្យបាននូវបទល្មើសនានា នៅក្នុងមូលដ្ឋាន
ខេត្តកណ្ដាល៖ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង–ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមាសម្ថកិច្ច និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង–ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ ពន្លឿនការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ពិសេសអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណា ដើម្បីធានាដល់ការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។ជាងនេះទៅទៀតឯកឧត្តមបានស្នើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ បង្ក្រាបឱ្យបាននូវបទល្មើសនានា ដោយមិនឱ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋានផងដែរ ៕